ធនាគារ ហ្វីលីព តែងតែផ្តោតការយកចិត្តទុកដាក់លើសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងបន្តក្រើនរំលឹកដល់អតិថិជនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះការគំរាមកំហែងសន្តិសុខតាមប្រពន្ធ័អ៊ីនធឺណិត  ដើម្បីធានាបាននូវបទពិសោធន៍ធនាគារប្រកបដោយសុវត្ថិភាព។ ធនាគារយើងខ្ញុំ សូមផ្តល់ជូននូវគន្លឹះសុវត្ថិភាពសំខាន់ៗមួយចំនួន ដើម្បីឲ្យលោកអ្នកអាច កាត់បន្ថយបញ្ហាប្រឈមឬការគំរាមកំហែងទាំងនោះ ក៏ដូចជាទទួលបាននូវបទពិសោធន៍សេវាកម្មធនាគារដែលមានសុវត្ថិភាពជាងមុន។

ធនាគារ ហ្វីលីព សូមជម្រាបជូនថា ធនាគារនឹងមិនធ្វើការទំនាក់ទំនងដោយផ្ទាល់ឬចាត់តាំងនរណាម្នាក់តំណាងឲ្យធនាគារ តាមរយៈអ៊ីម៉ែល សារSMS ឬទូរស័ព្ទ  ដើម្បីប្រមូលព័ត៌មានសម្ងាត់របស់អតិថិជនដូចជាព័ត៌មានគណនីធនាគារ កាតអេធីអឹម អត្តសញ្ញាណប័ណ្ណ ឈ្មោះប្រើប្រាស់ ពាក្យសម្ងាត់ លេខកូដ OTP និងលេខកូដសម្ងាត់ (PIN) ឡើយ។ សូមប្រុងប្រយ័ត្ននិងជៀសវាងចែករំលែកព័ត៌មានទាំងនោះទៅកាន់អ្នកដទៃ។

កម្មវិធីធនាគារចល័ត (Mobile Banking)

1. ទាញយកកម្មវិធីពីប្រភពច្បាស់លាស់៖ ទាញយកតែកម្មវិធីធនាគារចល័ត Phillip Mobile និងកម្មវិធីទូរសព្ទផ្សេងៗ ពីប្រភពដែលអាចទុកចិត្តបាន (App Store Play Store ឬ AppGallery)។

2. តាមដានរបាយការណ៍ប្រតិបត្តិការ៖ ពិនិត្យមើលប្រតិបត្តិការធនាគារ និងរបាយការណ៍គណនីរបស់អ្នកជាប្រចាំ។

3. តាមដានសារជូនដំណឹង៖ ពិនិត្យមើលរាល់សារជូនដំណឹងសម្រាប់ប្រតិបត្តិការណាមួយនៅលើកម្មវិធីធនាគារចល័ត។

4. រាយការណ៍ពេលឧបករណ៍ប្រើប្រាស់បានបាត់ ឬត្រូវបានលួច៖ រាយការណ៍ទៅធនាគារភ្លាមៗ ប្រសិនបើទូរសព្ទចល័តរបស់អ្នកបានបាត់ ឬត្រូវបានគេលួច ដើម្បីផ្អាកដំណើរការចូលប្រើប្រាស់គណនីធនាគាររបស់អ្នក។

5. ជៀសវាងប្រើប្រាស់ Wi-Fi សាធារណៈ៖ ជៀសវាងការប្រើប្រាស់ Wi-Fi សាធារណៈសម្រាប់ប្រតិបត្តិការតាមកម្មវិធីធនាគារចល័ត ។

6. ធ្វើបច្ចុប្បន្នភាពកម្មវិធី៖ ធ្វើបច្ចុប្បន្នភាព ប្រព័ន្ធប្រតិបត្តិការទូរសព្ទ និងកម្មវិធីធនាគាររបស់អ្នកឲ្យបានទៀងទាត់។

7. រក្សាសុវត្ថិភាពឧបករណ៍ប្រើប្រាស់៖ ដើម្បីសុវត្ថិភាពទូរសព្ទចល័ត អ្នកត្រូវកំណត់លេខកូដសម្ងាត់  (PIN) ឬមុខងារស្គេនម្រាមដៃ ឬមុខ ដើម្បីចូលប្រើប្រាស់។

8. មុខងារកំណត់សិទ្ធិប្រើប្រាស់៖ ប្រសិនបើអ្នករកឃើញសកម្មភាពគួរឲ្យសង្ស័យណាមួយនៅលើកម្មវិធីធនាគារចល័ត អ្នកអាចបិទដំណើរការចូលប្រើប្រាស់ ជាមួយនឹងមុខងារកំណត់សិទ្ធិប្រើប្រាស់ “e-Banking Access” នៅក្នុងកម្មវិធីធនាគារចល័តរបស់អ្នក។

សេវាធនាគារតាមអុីនធឺណិត (Internet Banking)

1. ពាក្យសម្ងាត់ដែលមានប្រសិទ្ធភាព៖ កំណត់ពាក្យសម្ងាត់ដែលមានប្រសិទ្ធភាព ដែលអ្នកដទៃ ឬកម្មវិធីកុំព្យូទ័រ មិនអាចទាយដឹង សម្រាប់គណនីធនាគារអនឡាញរបស់អ្នក។
2. បណ្តាញអុីនធឺណិតដែលមានសុវត្ថិភាព៖ ជៀសវាងការចូលប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិតតាម បណ្តាញ Wi-Fi សាធារណៈ ដែលមិនមានសុវត្ថិភាព។
3. ធ្វើបច្ចុប្បន្នភាពឩបករណ៍៖ ធ្វើបច្ចុប្បន្នភាព ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ ឬទូរសព្ទចល័ត ឱ្យបានទៀងទាត់។
4. ប្រុងប្រយ័ត្នការកេងបន្លំ៖ ប្រុងប្រយ័ត្នចំពោះការប៉ុនប៉ងបន្លំ ឬបោកប្រាស់ឲ្យផ្ញើនូវទិន្នន័យ ឬទាញយកកម្មវិធីដែលបណ្តាលឲ្យមានបញ្ហានៅលើកុំព្យូទ័រ។ សូមកុំចែករំលែកព័ត៌មានសម្ងាត់នៃគណនីធនាគាររបស់អ្នក ទៅកាន់អ្នកដទៃ។
5. រក្សាសុវត្ថិភាពប្រើប្រាស់៖ ជៀសវាងការធ្វើប្រតិបត្តិការលើកុំព្យូទ័រសាធារណៈ ឬនៅតាមទីសាធារណៈណា ដែលផ្តល់ភាពងាយស្រួលដល់អ្នកដទៃ ក្នុងការលួចមើលព័ត៌មានផ្សេងៗនៅលើអេក្រង់កុំព្យូទ័ររបស់អ្នក។
6. តាមដានសកម្មភាពគណនី៖ ពិនិត្យមើលសកម្មភាពគណនីរបស់អ្នកឲ្យបានទៀងទាត់ ពិសេសប្រតិបត្តិការណាដែលមិនមានភាពត្រឹមត្រូវ ។
7. ប្រើប្រាស់កម្មវិធីកំចាត់មេរោគ៖ ដំឡើងកម្មវិធីកំចាត់មេរោគដែលអាចទុកចិត្តបាន និងធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់ នៅលើឧបករណ៍ប្រើប្រាស់របស់អ្នក។
8. ជៀសវាងចុចលើតំណភ្ជាប់ដែលគួរឲ្យសង្ស័យ៖ ជៀសវាងការចុចលើតំណភ្ជាប់ដែលគួរឱ្យសង្ស័យ ឬទាញយកឯកសារភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់។
9. ចាកចេញពីកម្មវិធី៖ ចាកចេញពីសេវាធនាគារតាមអ៊ីនធឺណិត បន្ទាប់ពីបញ្ចប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នក។
10. រាយការណ៍សកម្មភាពដែលគួរឲ្យសង្ស័យ៖ ទាក់ទងមកកាន់ធនាគារភ្លាមៗ ប្រសិនបើអ្នកសម្គាល់ឃើញមានសកម្មភាពគួរឱ្យសង្ស័យណាមួយ ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

អេធីអឹម

1. រក្សាទុកលេខកូដសម្ងាត់ (PIN)៖ សូមចងចាំលេខកូដសម្ងាត់ (PIN) របស់អ្នក និងមិនត្រូវចែករំលែកទៅកាន់អ្នកដទៃឡើយ។
2. ផ្លាស់ប្តូរលេខកូដសម្ងាត់ (PIN)៖ ផ្លាស់ប្តូរលេខកូដសម្ងាត់ (PIN) របស់អ្នកឲ្យបានញឹកញាប់ ឬនៅពេលអ្នកទទួលបានសារជូនដំណឹងគួរឲ្យសង្ស័យ។
3. បាំងបន្ទះក្ដារចុចលេខ៖ នៅពេលបញ្ចូលលេខកូដសម្ងាត់ (PIN) របស់អ្នកនៅលើម៉ាស៊ីន អេធីអឹម សូមដាក់ដៃបាំងលើបន្ទះក្ដារចុចលេខ ដើម្បីការពារការលួចមើលព័ត៌មានទាំងនោះ។
4. ពិនិត្យមើលឧបករណ៍គួរឲ្យសង្ស័យ៖ ពិនិត្យមើលឧបករណ៍ដែលគួរឲ្យសង្ស័យនៅម៉ាស៊ីនអេធីអឹម ដែលបិតលើបន្ទះក្ដារចុចលេខ កាមេរ៉ាបង្កប់ ឬរន្ធដោតកាត ជាដើម។ សូមរាយការណ៍ទៅធនាគារភ្លាមៗ ប្រសិនបើអ្នកសង្កេតឃើញមានការបង្កប់ឧបករណ៍មិនប្រក្រតីណាមួយនៅម៉ាស៊ីនអេធីអឹម។
5. ជៀសវាងស្នើសុំជំនួយពីជនប្លែកមុខ៖ ដើម្បីជៀសវាងពីការលួចយកកាត ឬលេខកូដសម្ងាត់ (PIN) ផ្សេងៗ សូមកុំស្នើសុំជនចម្លែកមុខណាម្នាក់ ឲ្យជួយធ្វើប្រតិបត្តិការអេធីអឹមជំនួសឲ្យលោកអ្នក ។ សូមស្វែងរកជំនួយពី បុគ្គលិកដែលបានចាត់តាំងដោយធនាគារ ហ្វីលីព។
6. រាយការណ៍ករណីបាត់ ឬលួច៖ ប្រសិនបើកាតអេធីអឹមរបស់អ្នកបានបាត់ ឬត្រូវបានគេលួច សូមរាយការណ៍ទៅធនាគារភ្លាមៗ។
7. តាមដានរបាយការណ៍ប្រតិបត្តិការ៖ តាមដានរបាយការណ៍ធនាគារ ឬប្រវត្តិប្រតិបត្តិការរបស់អ្នកឲ្យបានទៀងទាត់ ដើម្បីកំណត់រកប្រតិបត្តិការដែលមិនមានភាពត្រឹមត្រូវ។
8. តាមដានសារជូនដំណឹង៖ ពិនិត្យមើលរាល់សារជូនដំណឹងអំពីប្រតិបត្តិការ ឬសកម្មភាពគណនីណាមួយពាក់ព័ន្ធនឹងកាតអេធីអឹមរបស់អ្នក។

ម៉ាស្ទ័រកាតនិម្មិត

1. ការពារព័ត៌មានលម្អិតកាត៖ សូមកុំចែករំលែកព័ត៌មានកាតធនាគាររបស់អ្នកដូចជា លេខកាត កាលបរិច្ឆេទផុតកំណត់ ឬលេខបញ្ជាក់កាត (CVV) ទៅអ្នកដទៃឡើយ លើកលែងតែករណីចាំបាច់ និងអាចទុកចិត្តបាន។
2. ប្រើប្រាស់គេហទំព័រដែលមានសុវត្ថិភាព៖ ត្រូវប្រាកដថាគេហទំព័រដែលអ្នកកំពុងប្រើប្រាស់មានសុវត្ថិភាព និងអាចទុកចិត្តបាន សម្រាប់ប្រតិបត្តិការអនឡាញជាមួយម៉ាស្ទ័រកាតនិម្មិត។
3. កំណត់ចំនួនប្រតិបត្តិការ៖ កំណត់ប្រតិបត្តិការរបស់អ្នកដោយកំណត់ទំហំទឹកប្រាក់អតិបរមា និងចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ។
4. តាមដានសកម្មភាពគណនី៖ តាមដានរបាយការណ៍គណនីនិងប្រវត្តិប្រតិបត្តិការរបស់អ្នកឲ្យបានទៀងទាត់  ដើម្បី ស្វែងរកប្រតិបត្តិការណាដែលមិនមានភាពត្រឹមត្រូវ។
5. តាមដានសារជូនដំណឹង៖ តាមដានរាល់សារជូនដំណឹងអំពីប្រតិបត្តិការណាដែលបានធ្វើឡើងជាមួយ ម៉ាស្ទ័រកាតនិម្មិតរបស់អ្នក។
6. រាយការណ៍ករណីបាត់ ឬលួច៖ ប្រសិនបើម៉ាស្ទ័រកាតនិម្មិត របស់អ្នកបានបាត់ឬត្រូវបានលួច សូមរាយការណ៍ភ្លាមៗទៅកាន់ធនាគារ។
7. ប្រុងប្រយ័ត្នការកេងបន្លំ៖ សូមប្រុងប្រយ័ត្នចំពោះការប៉ុនប៉ងបន្លំ និងជៀសវាងការចុចតំណភ្ជាប់ដែលគួរឲ្យសង្ស័យ ឬទាមទារការផ្តល់ព័ត៌មានលម្អិតនៃកាត។

ការទិញទំនិញតាមប្រព័ន្ធអនឡាញ

1. ទិញទំនិញពីគេហទំព័រដែលមានទំនុកចិត្ត៖ លោកអ្នកត្រូវប្រាកដថាគេហទំព័រដែលអ្នកទិញទំនិញនោះជាគេហទំព័រដែលអាចទុកចិត្តបាន។
2. បណ្តាញដែលមានសុវត្ថិភាព៖ អ្នកអាចសម្គាល់គេហទំព័រដែលមានសុវត្ថិភាពបានសម្រាប់គេហទំព័រដែលផ្តើមដោយពាក្យ “https://” នៅក្នុងតំណភ្ជាប់ (URL) របស់គេហទំព័រនោះ។
3. ពាក្យសម្ងាត់មានប្រសិទ្ធភាព៖ កំណត់ពាក្យសម្ងាត់មានប្រសិទ្ធភាពដែលអ្នកដទៃ ឬកម្មវិធីកុំព្យូទ័រ មិនអាចទាយដឹង សម្រាប់គណនីធនាគារអនឡាញរបស់អ្នក។
4. ព័ត៌មានលម្អិតផ្ទាល់ខ្លួន៖ ជៀសវាងការចែករំលែកព័ត៌មានផ្ទាល់ខ្លួនដែលមិនចាំបាច់ក្នុងអំឡុងពេលទិញទំនិញតាមប្រព័ន្ធអនឡាញ។
5. ធ្វើបច្ចុប្បន្នភាពឩបករណ៍៖ ធ្វើបច្ចុប្បន្នភាព ប្រព័ន្ធប្រតិបត្តិការនិងឧបករណ៍ប្រើប្រាស់ចល័ត ឲ្យបានទៀងទាត់ ។
6. ជៀសវាងប្រើប្រាស់ Wi-Fi សាធារណៈ៖ ជៀសវាងការទិញទំនិញអនឡាញដោយប្រើប្រាស់ Wi-Fi សាធារណៈ។
7. ពិនិត្យគោលការណ៍ឯកជនភាព៖ ពិនិត្យមើលគោលការណ៍ឯកជនភាពរបស់គេហទំព័រឲ្យបានច្បាស់លាស់មុននឹងធ្វើការទិញទំនិញអនឡាញ។
8. ប្រុងប្រយ័ត្នការកេងបន្លំ៖ សូមប្រយ័ត្នចំពោះការប៉ុនប៉ងបន្លំ និងអ៊ីម៉ែលដែលគួរឲ្យសង្ស័យ ដែលមានចេតនាស្នើសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
9. តាមដានរបាយការណ៍ប្រតិបត្តិការ៖ តាមដានរបាយការណ៍ប្រតិបត្តិការធនាគារ និងកាតឥណទានរបស់អ្នកជាទៀងទាត់ ដើម្បីស្វែងរកប្រតិបត្តិការទូទាត់ដែលមិនមានភាពត្រឹមត្រូវ។

គម្រោងបោកប្រាស់ក្រោមរូបភាពវិនិយោគ

1. គម្រោងការ Pump និង Dump៖ ជនបោកប្រាស់ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបំប៉ោងតម្លៃនៃភាគហ៊ុន រួចក៏លក់ភាគហ៊ុនទាំងនោះចេញយ៉ាងឆាប់រហ័សក្នុងតំលៃខ្ពស់ ដោយទុកឱ្យអ្នកវិនិយោគដែលទិញភាគហ៊ុនខាតបង់ប្រាក់នៅពេលភាគហ៊ុនធ្លាក់ចុះវិញ រីភាគហ៊ុនអស់តម្លៃ ។
2. ការបោកប្រាស់តាម Cryptocurrency៖ ការវិនិយោគលើកាក់គ្រីបតូ (Crypto) ដើម្បីទទួលបានប្រាក់ចំណេញច្រើន គឺមានហានិភ័យខ្លាំងណាស់ ដោយសារតែ កាក់គ្រីបតូ (Crypto) មិនទាន់ត្រូវបានគ្រប់គ្រងក្រោមច្បាប់របស់រាជរដ្ឋាភិបាល ហើយវាពិតជាលំបាកក្នុងការកំណត់ថាការវិនិយោគកាក់គ្រីបតូ មួយណា ដែលស្របច្បាប់។
3. គម្រោងការ Ponzi៖ ជនបោកប្រាស់ ធ្វើការប្រមូលប្រាក់ពីអ្នកវិនិយោគ ដោយអះអាងថា ពួកគេនឹងទទួលបានផលចំណេញខ្ពស់។ ជនបោកប្រាស់តែងតែប្រើមធ្យោបាយ ផ្តល់ការប្រាក់ចំណេញជាលើកដំបូង ដើម្បីទទួលបានជំនឿទុកចិត្ត មុនពេលលេបយកប្រាក់ទាំងស្រុងរបស់អ្នកវិនិយោគ។

ដើម្បីការពារខ្លួនអ្នក សូមប្រុងប្រយ័ត្នចំពោះការផ្តល់អត្ថប្រយោជន៍ណាមួយ ដែលមិនមានភាពច្បាស់លាស់ និង សន្យាផ្តល់ជូនអត្រាប្រាក់ខ្ពស់។ លោកអ្នក គប្បីផ្ទៀងផ្ទាត់ថា ការវិនិយោគនោះ ត្រូវបានចុះបញ្ជីស្របច្បាប់ និងសូមធ្វើការវិនិយោគក្នុងចំនួនទឹកប្រាក់ដែលអ្នកអាចអាចនឹងបាត់បង់ ប៉ុណ្ណោះ។ សូមធ្វើការកំណត់ឯកជនភាព នៅលើកម្មវិធីទំនាក់ទំនងផ្សេងៗ ដើម្បីជៀសវាងការបញ្ចូលទៅក្នុងក្រុមជជែកណាមួយដែលលោកអ្នកពុំធ្លាប់ស្គាល់។

ប្រសិនបើអ្នករកឃើញសកម្មភាពគួរឲ្យសង្ស័យណាមួយលើម៉ាស៊ីនអេធីអឹម កាតនិម្មិត កម្មវិធីធនាគារចល័តឬសេវាធនាគារតាមអុីនធឺណិត សូមទាក់ទងមកសេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខ (855) 86 930 000 / 89 989 818 / 88 465 9999 (24/7) ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ។

Calculator

Result:

Annual Interest Rate Total Net Earned Interest Total Deposit Amount Total Amount at Maturity Date
4.75% 286.25 11,757.79 12,044.04

Payment schedule:

No. Earned Interest Tax Net Earned Interest Monthly Deposit
1 4.75% 4.75% 4.75% 4.75%