ធនាគារ ហ្វីលីព និង UTE​ រួមសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2024 ធនាគារ ហ្វីលីព និងសាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព (UTE) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជាផ្លូវការពីភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងលើកកម្ពស់ឱកាសសិក្សា និងសុខុមាលភាពហិរញ្ញវត្ថុសម្រាប់និស្សិត UTE ។

ភាពជាដៃគូនេះបាននាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្រប ក្នុងការគាំទ្រដល់ដំណើរសិក្សារបស់ និស្សិត។ ធនាគារ ហ្វីលីព នឹងផ្តល់ប្រាក់កម្ចីសម្រាប់ការអប់រំដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការអប់រំថ្នាក់ឧត្តមសិក្សា អាចដំណើរការបានយ៉ាងរលូន។ លើសពីនេះ ធនាគារ នឹងជួយសម្រួលដល់ការបង់ថ្លៃសិក្សា ឲ្យកាន់តែមានភាពរលូនជាងមុន ដោយផ្តល់នូវដំណើរការទូទាត់ដ៏ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់និស្សិត និងក្រុមគ្រួសាររបស់ពួកគេ។

លើសពីនេះ កិច្ចសហការនេះបានសង្កត់ធ្ងន់លើការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់និស្សិត។
ថ្នាក់ដឹកនាំនៃធនាគារ ហ្វីលីព នឹងផ្តល់នូវកិច្ចពិភាក្សាអំពីអាជីពការងារ និងចូលរួមជាមួយនិស្សិត ដោយផ្តល់នូវការយល់ដឹងពីវិស័យធនាគារ និងអាជីពការងារដែលមានសក្តានុពល ក៏ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលរៀបចំឡើងដើម្បីពង្រឹងបន្ថែមទៅកាន់និស្សិត និងជំនាញសំខាន់ៗផ្សេងទៀតសម្រាប់ថ្ងៃអនាគតរបស់ពួកគេ។

សាកលវិទ្យាល័យបានរួមបញ្ចូលបច្ចេកវិទ្យាទំនើបៗ និងបញ្ចៀបផ្នត់គំនិតសហគ្រិនទៅកាន់និស្សិតបន្ទាប់ពីការបញ្ចប់ការសិក្សា ដើម្បីអាចឲ្យនិស្សិតមានសមត្ថភាពប្រកួតប្រជែងជាលក្ខណៈសកលបាន។ ដោយសង្កត់ធ្ងន់លើបទពិសោធន៍ជាក់ស្តែងរួមជាមួយនឹងភាពម៉ត់ចត់ក្នុងការសិក្សា UTE បន្តអភិវឌ្ឍ កម្មវិធីរបស់ខ្លួន ស្របទៅតាមការជឿនលឿនយ៉ាងខ្លាំងនៃសេដ្ឋកិច្ច ដោយធានាបានថា និស្សិតរបស់ខ្លួនបានត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីក្លាយជាអ្នកដឹកនាំនាថ្ងៃអនាគត។

លោក ចាន់ ម៉ាច នាយកប្រតិបត្តិនៃធនាគារ ហ្វីលីព បានមានប្រសាសន៍ថា “ភាពជាដៃគូជាមួយ UTE គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្ដល់នូវការគាំទ្រយ៉ាងខ្លាំងទៅកាន់និស្សិតជំនាន់ក្រោយ។ តាមរយៈកិច្ចសហការនេះ យើងមិនត្រឹមតែផ្តល់នូវសេវាហិរញ្ញវត្ថុតែប៉ុណ្ណោះទេថែមទាំងបង្កើតឱកាសក្នុងអាជីពការងារ និងការរីកចម្រើនផ្ទាល់ខ្លួនផងដែរ”
លោក ចាន់ ម៉ាច បានបន្តថា “យើងជឿជាក់ថា តាមរយៈការរួមបញ្ចូលគ្នាផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងអំពីទិដ្ឋភាពសេដ្ឋកិច្ចជាក់ស្តែងទៅកាន់និស្សិត ប្រៀបបានដូចជាយើងកំពុងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនកម្ពុជា”។

លោកបណ្ឌិត ជុំ ចាន់ដារិន អនុប្រធាន UTE បានមានប្រសាសន៍ថា “សម្ព័ន្ធភាពនេះជាយុទ្ធសាស្រ្តបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការជំរុញឱ្យមានបទពិសោធន៍ដ៏ល្អ តាម
រយៈការរួមបញ្ចូលគ្នានូវដំណោះស្រាយហិរញ្ញវត្ថុជាមួយនឹងគំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍន៍អាជីពការងារតាមគោលដៅ យើងអាចធានាបានថាសិស្សនិស្សិតរបស់យើងបានត្រៀមខ្លួនជាស្រេចក្នុងការប្រគួតប្រជែងលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ននេះ។”

អំពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព (UTE)
ក្នុងនាមជាសាកលវិទ្យាល័យដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា UTE គឺជាស្ថាប័នគិតឆ្ពោះទៅមុខដែលឧទ្ទិសដល់និស្សិតបញ្ចប់ការសិក្សាមានការប្រកួតប្រជែងជាសាកល ដែលមានភាពម៉ត់ចត់ក្នុងការសិក្សា និងភាពប៉ិនប្រសប់នៃសហគ្រិន។ បង្កើតឡើងដោយ លោកស្រី ម៉ឺន ស្រីណែត សាកលវិទ្យាល័យផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបច្ចេកវិទ្យា និងការច្នៃប្រឌិតហើយប្តេជ្ញាបង្កើតឱកាសផ្តល់អនុពលភាពដល់និស្សិតរបស់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំ ប្រកបដោយចក្ខុវិស័យនៅថ្ងៃខាងមុខ។