- ខ និងលក្ខខណ្ឌទាំងនេះគ្រប់គ្រងលើការប្រើប្រាស់ សេវាធនាគារតាមអ៉ីនធើណែត របស់ធនាគារ (ដូចដែលបានកំណត់តទៅនេះ) ។ ខ និង លក្ខខណ្ឌទាំងនេះនឹងត្រូវអនុវត្តរួមគ្នាជាមួយនឹង ខ និងលក្ខខណ្ឌនៃគណនីប្រើប្រាស់ដែលពាក់ព័ន្ធ (ដូចដែលបានកំណត់តទៅនេះ) ដើម្បីភ្ជាប់ទំនាក់ទំនងតាមរយៈសេវាធនាគារអ៉ីនធើណែត។
វិសោធនកម្មនៃ ខ និងលក្ខខណ្ឌ
- ផ្អែកតាមឆន្ទានុសិទ្ធិរបស់ធនាគារ ធនាគាររក្សាសិទ្ធិក្នុងការកែប្រែ ខ និង លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ព្រមទាំង ខ និង លក្ខខណ្ឌណាមួយរបស់ធនាគារដែលអាចអនុវត្តបានពីមួយពេលទៅមួយពេលដោយអាចមិនមានការជូនដំណឹងជាមុននោះឡើយ។
- ក្នុងក្របខណ្ឌនៃការថែទាំប្រកបដោយការទទួលខុសត្រូវចំពោះសេវាធនាគារអាចជូនដំណឹងអំពីការកែប្រែណាមួយ តាមរយៈមធ្យោបាយនៃការជូនដំណឹងដែលត្រូវបានរៀបចំឡើងដោយធនាគាររួមមាន ការជូនដំណឹងតាមអ៊ីម៉ែល ឬ តាមរយៈការផ្សព្វផ្សាយនៅលើគេហទំព័រ ឬ តាមរយៈបណ្តាញទំនាក់ទំនងឌីជីថល ឬ មធ្យោបាយដ៏ទៃផ្សេងទៀតដែលអាចចាត់ទុកថាសមរម្យ ហើយលោកអ្នកនឹងត្រូវបានគេចាត់ទុកថាទទួលយកការកែប្រែនោះ។
១. និយមន័យ
- “សេវាធនាគារតាមអ៉ីនធើណែត” មានន័យថាសេវាធនាគាររបស់ធនាគារហ្វីលីព ដែលដំណើរការតាមរយៈកម្មវិធីតំណរភ្ជាប់តាមប្រព័ន្ធអ៉ីនធើណែត។
- “អ្នក” និង “របស់អ្នក” មានន័យថា បុគ្គលណាម្នាក់ដែលមានសិទ្ធិចូលដំណើរការដើម្បីប្រើប្រាស់គណនីរបស់លោកអ្នក ហើយដែលបានស្នើសុំ និងប្រើប្រាស់សេវាធនាគារតាមអ៉ីនធើណែត។
- “យើង”“ របស់យើង”“ ធនាគារ” និង“ ធនាគារហ្វីលីព” មានន័យថា ធនាគារហ្វីលីព ភីអិលស៊ី។
- “ច្បាប់” មានន័យថា ច្បាប់ បទបញ្ញត្តិ វិធាន សេចក្តីប្រកាស លក្ខន្តិកៈ លិខិតុបករណ៍ សេចក្តីណែនាំផ្លូវការ សេចក្តីសម្រេច ក្រមប្រតិបត្តិ ក្រមសីលធម៌វិជ្ជាជីវៈ ឬ តំរូវការចាំបាច់ណាមួយនាពេលដែលគណនីរបស់លោកអ្នកត្រូវបានបើក និងរក្សាទុកនៅធនាគារ។
- “គណនី (Account)” មានន័យថា រាល់គណនីគ្រប់ប្រភេទដែលអតិថិជនបានបើកជាមួយធនាគារ (មិនថាគណនីបុគ្គល ឬគណនីរួមគ្នាជាមួយបុគ្គលណាម្នាក់ផ្សេងទៀត) រីឯ ពាក្យថា “គណនី (Account(s))” មានន័យថា គណនីពីរ ឬ ច្រើន។
- “Joint OR Account” មានន័យថា គណនីរួមគ្នាមួយ ដែលបុគ្គលណាម្នាក់ក្នុងចំណោមនោះក៏អាចដំណើរការ ឬ ប្រើប្រាស់តាមរយៈសេវាធនាគារតាមអ៉ីនធើណែតបាន។
- “Joint AND Account” មានន័យថា គណនីរួមគ្នាមួយ ដែលតម្រូវឲ្យម្ចាស់គណនីទាំងអស់ត្រូវចុះហត្ថលេខារួមគ្នា។
២. ការចូលក្នុងដំណើរការនៃការប្រើប្រាស់
- ការចូលប្រើប្រាស់សេវាមធនាគារតាមអ៉ីនធើណែត គឺត្រូវបានអនុញ្ញាតសម្រាប់ម្ចាស់គណនីនីមួយៗ។ លោកអ្នកត្រូវមានអាយុចាប់ពី ១៨ ឆ្នាំ។ ព័ត៌មានលម្អិតស្ដីពីគណនីដែលអាចត្រូវបានបង្កើតឡើងសម្រាប់ចូលទៅក្នុងដំណើរការសេវាធនាគារតាមអ៉ីនធើណែតត្រូវបានកំណត់ក្នុង ខ និងលក្ខខណ្ឌនៃគណនីនោះ។
- ម្ចាស់គណនីសាជីវកម្មត្រូវដាក់ពាក្យដើម្បីប្រើប្រាស់សេវាធនាគារតាមអ៉ីនធើណែតផ្អែកតាមការណែនាំនៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។
២.១. ការចុះឈ្មោះ
- លោកអ្នកតម្រូវឲ្យមានតែលេខអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទប៉ុណ្ណោះ ដើម្បីអាចចុះឈ្មោះជាមួយយើងខ្ញុំក្នុងការប្រើប្រាស់សេវាធនាគារតាមអ៉ីនធើណែត។ សេវាធនាគារតាមអ៉ីនធើណែតអាចត្រូវបានប្រើនៅលើកម្មវិធីតំណរភ្ជាប់ក្នុងគេហទំព័រដែលមានសុវត្ថិភាពណាមួយ ហើយដែលអាចត្រូវបានប្រើប្រាស់ដោយការភ្ជាប់អ៊ីនធើណែតនៅលើឧបករណ៍ចល័តមួយ ដែលប្រព័ន្ធដំណើរការ និងប្រព័ន្ធប្រតិបត្តិការត្រូវបានរៀបចំដោយយើងខ្ញុំ។
- ក្នុងកំឡុងពេលនៃការចុះឈ្មោះ លេខសម្ងាត់របស់លោកអ្នកនឹងត្រូវផ្ញើទៅកាន់លេខទូរស័ព្ទដែលលោកអ្នកបានចុះឈ្មោះជាមួយយើងខ្ញុំ។ ដូច្នេះ លោកអ្នកត្រូវប្រាកដថា លេខទូរស័ព្ទរបស់លោកអ្នកកំពុងមានសេវា និងអាចទទួលសារនៃលេខកូដសម្ងាត់នោះបាន ។
២.២. គណនីរួមគ្នា
- លោកអ្នកទទួលស្គាល់ និងយល់ព្រមថា នៅពេលដែលពាក្យសុំប្រើប្រាស់សេវាធនាគារតាមអ៉ីនធើណែតត្រូវបានទទួលយកដោយធនាគារ ហើយពាក្យសុំនោះគឺ “Joint OR Account” ម្ចាស់គណនី “Joint OR Account”ម្នាក់ៗត្រូវទទួលខុសត្រូវរួមគ្នា និងដោយឡែកចំពោះធនាគារ សម្រាប់រាល់សេចក្តីណែនាំនានាដែលមានផលប៉ះពាល់ ឬ ដែលត្រូវអនុវត្ត ឬ ដំណើរការតាមរយៈសេវាធនាគារតាមអ៉ីនធើណែត។ លោកអ្នកនឹងត្រូវភ្ជាប់គណនីរបស់លោកអ្នកដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធកម្មវិធីអ៉ីនធើណែត (App)។ ចំពោះ“ Joint AND Account” គឺនឹងត្រូវបានកម្រិត ដោយអនុញ្ញាតឲ្យមើលឃើញតែរបាយការណ៍គណនីប៉ុណ្ណោះ ចំណែក ប្រតិបត្តិការហិរញ្ញវត្ថុគឺមិនត្រូវបានអនុញ្ញាតនោះឡើយ។
២.៣. ការកម្រិតចំពោះប្រតិបត្តិការផ្ទេរប្រាក់ប្រចាំថ្ងៃ
- ទំហំកម្រិតសរុបប្រចាំថ្ងៃ គឺ ១លាន ដុល្លារសហរដ្ឋអាមេរិច។
- លោកអ្នកអាចកំណត់ការកម្រិតផ្ទាល់ខ្លួនរបស់លោកអ្នកបាន ប៉ុន្តែមិនត្រូវលើសពីការកម្រិតដែលធនាគារបានអនុញ្ញាតឡើយ។ ប្រសិនបើលោកអ្នកចង់បង្កើនទំហំនៃការកម្រិតរបស់លោកអ្នកលើសពីការអនុញ្ញាតរបស់ធនាគារនោះ លោកអ្នកចាំបាច់ត្រូវទៅកាន់សាខាណាមួយរបស់ធនាគារ ហ្វីលីព ដើម្បីដាក់សំណុំបែបបទស្នើសុំសម្រាប់ការផ្លាស់ប្តូរទំហំកម្រិតនោះ។
៣. សេវាធនាគារតាមអ៉ីនធើណែត
- ផលិតផល និងសេវាកម្មថ្មី៖ លោកអ្នកទទួលស្គាល់ថា ធនាគាររក្សាសិទ្ធិក្នុងការណែនាំសេវាកម្ម និង/ឬផលិតផលថ្មីតាមរយៈសេវាធនាគារតាមអ៉ីនធើណែតបានគ្រប់ពេល ហើយដោយការចូល ឬ ប្រើប្រាស់ (ឬ អនុញ្ញាតឲ្យអ្នកប្រើប្រាស់របស់យើងចូលដំណើរការ ឬ ប្រើប្រាស់) នូវផលិតផល និង/ឬ សេវាកម្មថ្មីទាំងនោះ នៅពេលដែលផលិតផល និង/ឬ សេវាកម្មថ្មីនោះអាចប្រើប្រាស់បាន ហើយ លោកអ្នកត្រូវមានកាតព្វកិច្ចគោរពតាមលក្ខខណ្ឌដែលមានលើផលិតផល និង/ឬ សេវាកម្មថ្មីទាំងនោះ។
៤. ការទទួលខុសត្រូវ និងភាពដែលអាចប្រើប្រាស់បាន
៤.១. ការទទួលខុសត្រូវរបស់លោកអ្នកក្នុងការប្រើប្រាស់សេវាធនាគារតាមអ៉ីនធើណែត
- លោកអ្នកយល់ព្រម និងបញ្ជាក់ថា ធនាគារនឹងមិនទទួលខុសត្រូវចំពោះការខូចខាតនានាទោះដោយផ្ទាល់ ដោយប្រយោល ដោយចៃដន្យ ការពិន័យ ឬ ការខូចខាតពិសេស ឬ សំណងជម្ងឺចិត្ត ឬ ការខាតបង់ផ្នែកសេដ្ឋកិច្ចដែលកើតឡើងចំពោះលោកអ្នក ឬ អ្នកប្រើប្រាស់ដែលទទួលការអនុញ្ញាត ឬ បុគ្គលណាមួយ ដែលបានកើតឡើងទោះដោយផ្ទាល់ ឬ ដោយប្រយោល ចំពោះសេវាធនាគារតាមអ៉ីនធើណែត ការណែនាំ និង/ឬ កិច្ចព្រមព្រៀងនេះដោយរាប់បញ្ចូលនូវ៖
(ក) ការខាតបង់ ការខូចខាត ឬ ការចំណាយដែលកើតមានឡើង ឬ ដោយផ្អែកតាមសេចក្តីណែនាំដែលបានផ្តល់ឲ្យ (ទោះដោយយើងខ្ញុំ អ្នកប្រើប្រាស់ដែលទទួលការអនុញ្ញាត បុគ្គលិកដែលមានសមត្ថកិច្ច និយោជិត ភ្នាក់ងារ អ្នកតំណាង ឬ បុគ្គលផ្សេងទៀត) ទោះមិនមានភាពត្រឹមត្រូវ ឬ មិនជាក់លាក់តាមវិធីណាមួយក៏ដោយ។
(ខ) ការខាតបង់ ការខូចខាត ឬ ការចំណាយដែលបណ្ដាលមកពីការប្រើប្រាស់ ឧបករណ៍ការពារសុវត្ថិភាព (Compromised Security Device) ដោយភាគីណាមួយ។
(គ) រាល់ការពន្យាពេល ឬ ការខកខានណាមួយ ក្នុងការផ្ញើរចេញ ការបញ្ជូន ការទទួល ការបញ្ជាក់ ឬ ការទទួលស្គាល់នូវការដាស់តឿនតាមប្រព័ន្ធអេឡិចត្រូនិចណាមួយ។
(ឃ) សារ ឧបករណ៍ការពារសុវត្ថិភាព ឬ អ្វីផ្សេងទៀតដែលអាចប្រើប្រាស់បានដែលស្ថិតនៅក្រោមសេវាធនាគារតាមអ៉ីនធើណែត ទោះដោយហេតុផលណាមួយក៏ដោយ។
(ង) ការបាត់បង់ ការខូចខាត ឬ ការចំណាយដែលកើតឡើងដោយសារកិច្ចព្រមព្រៀងសេវាកម្មណាមួយដែលបានកំណត់ដោយក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និង/ឬ ក្រុមហ៊ុនផ្ដល់សេវាអ៉ីនធើណែត ឬ កើតឡើងដោយសារការខូច ការគាំង ឬ ការរអាក់រអួលនៃម៉ាស៊ីន ឬ ប្រព័ន្ធទំនាក់ទំនងណាមួយ ឬ ដោយសារកំហុស ការខកខាន ឬ ការប្រព្រឹត្តិណាមួយរបស់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និង/ឬ ក្រុមហ៊ុនដែលផ្តល់សេវាអ៉ីនធើណែត និង/ឬ ប្រតិបត្តិករ ឬ អ្នកផ្ដល់សេវាលើសារអេឡិចត្រូនិច (SMS) ។
(ច) កំហុសណាមួយក្នុងការបញ្ជូនសេចក្តីណែនាំដែលអាចត្រូវបានបញ្ជូនតាមរយៈសេវាធនាគារតាមអ៉ីនធើណែត ឬ ការបញ្ជូនដោយធនាគារនូវទិន្នន័យ ឬ ព័ត៌មានផ្សេងទៀតតាមរយៈសេវាធនាគារតាមអ៊ីនធើណែត និង/ឬ
(ឆ) ការខូចខាតចំពោះការបាត់បង់ប្រាក់ចំណេញ កេរ្តិ៍ឈ្មោះ ការប្រើប្រាស់ ទិន្នន័យ ឬ ការខាតបង់អរូបីដទៃទៀត (ទោះបីជាធនាគារត្រូវបានណែនាំអំពីលទ្ធភាពនៃការខូចខាតក៏ដោយ) ដែលកើតឡើងពី ឬ ទាក់ទងទៅនឹង៖
១. ការប្រើប្រាស់ អសមត្ថភាពក្នុងការប្រើប្រាស់ ឬ ការរំខានណាមួយក្នុងការប្រើប្រាស់សេវាធនាគារតាមអ៉ីនធើណែត ទោះដោយហេតុផលណាមួយក៏ដោយ ឬ
២. ការមិនដំណើរការ ការរអាក់រអួល ការខកខាន ឬ ការរំខាន ចំពោះប្រព័ន្ធអេឡិចត្រូនិក ហាតវែរ (Hardware) សូហ្វវែរ (Software) ទូរគមនាគមន៍ ឬ កម្មវិធីកុំព្យូទ័រណាមួយ ឬ ការយឺតយ៉ាវក្នុងការបញ្ជូនព័ត៌មាន ឬ មេរោគកុំព្យូទ័រ។
(ជ) ប្រតិបត្តិការដែលគ្មានការអនុញ្ញាតសំដៅទៅលើប្រតិបត្តិការដែលត្រូវបានអនុវត្តដោយតតិយជន ឬ អ្នកប្រើប្រាស់ផ្សេងទៀតក្រៅពីខ្លួន ដោយគ្មានចំណេះដឹងនិងការយល់ព្រមពីលោកអ្នក។ ប្រព័ន្ធធនាគារកំណត់ការទទួលខុសត្រូវរបស់លោកអ្នក ចំពោះការខាតបង់ដែលបណ្តាលមកពីប្រតិបត្តិការដែលគ្មានការអនុញ្ញាតនោះ។
៤.២. ការស្វែងរកដំណោះស្រាយ
- នៅពេលដែលលោកអ្នក ឬ អ្នកប្រើប្រាស់ផ្សេងទៀតធ្វើប្រតិបត្តិការលើពាក្យសុំប្រើប្រាស់ប្រព័ន្ធធនាគារតាមអ៉ីនធើណែត លោកអ្នកត្រូវបញ្ជាក់ប្រាប់យើងខ្ញុំនូវចំនួនទឹកប្រាក់ដែលលោកអ្នកមានបំណងទូទាត់ ឬ ផ្ទេរ ព្រមទាំងលេខគណនី ដែលលោកអ្នកមានបំណងទូទាត់ ផ្ទេរចូល ឬ ផ្ទេរចេញ ។
- យើងខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពទៅលើការស្នើសុំរបស់លោកអ្នក ដោយជួយសម្រួលក្នុងការដោះស្រាយប្រាក់របស់លោកអ្នក ប៉ុន្តែ យើងខ្ញុំមិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយដែលបណ្តាលមកពីកំហុសរបស់លោកអ្នកក្នុងប្រតិបត្តិការនោះឡើយ។ ដំណើរការនៃការដោះស្រាយខាងលើនេះតម្រូវឲ្យបង់សេវាជាក់លាក់មួយ ហើយលោកអ្នកដែលជាអ្នកស្នើសុំត្រូវចាត់ទុកថាបានយល់ព្រមដោយឥតលក្ខខណ្ឌក្នុងការបង់សោហ៊ុយ និងកម្រៃសេវា ព្រមទាំងធានាពីភាពមិនមានការខាតបង់ចំពោះធនាគារ។
- នៅពេលដែលយើងខ្ញុំទទួលបានព័ត៌មានដែលយើងខ្ញុំត្រូវការ ហើយត្រូវបានបញ្ជាក់ថាលោកអ្នកមានកំហុសក្នុងការទូទាត់ ឬ ផ្ទេរប្រាក់ យើងខ្ញុំនឹងផ្ញើសំណើទៅកាន់ស្ថាប័នហិរញ្ញវត្ថុរបស់អ្នកទទួល និង/ឬ ម្ចាស់គណនីរបស់អ្នកទទួលប្រាក់ (ប្រសិនបើ ប្រាក់មិនទាន់ត្រូវបានដកដោយម្ចាស់គណនី) ដើម្បីបង្វិលប្រាក់ត្រឡប់មកវិញ។ យើងខ្ញុំនឹងណែនាំដល់លោកអ្នកជាលាយលក្ខណ៍អក្សរ ឬ តាមរយៈទូរស័ព្ទអំពីលទ្ធផលនៃការស្នើសុំឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីទទួលបានការឆ្លើយតបពីភាគីដែលទទួលប្រាក់។
- ក្នុងករណី អ្នកដែលទទួលប្រាក់ជាម្ចាស់គណនីរបស់ធនាគារ និងដោយផ្អែកលើពាក្យសុំដោះស្រាយវិវាទ ឬ ការហៅទូរស័ព្ទពីអ្នកផ្ញើរប្រាក់ (អ្នកស្នើសុំ) យើងខ្ញុំរក្សាសិទ្ធិតម្កល់ប្រាក់ដែលត្រូវដោះស្រាយនោះទុកដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយ។ ថិរវេលានៃការតម្កល់ប្រាក់នឹងត្រូវការពេលវេលាដែលអាច ចំណាយពេលច្រើនក្នុងការស៊ើបអង្កេតបន្ថែម (លើកលែងតែក្នុងកាលៈទេសៈពិសេស) ហើយលោកអ្នកនឹងត្រូវបានជូនដំណឹងអំពីករណីនោះ ។
៤.៣. ការបដិសេធចំពោះសេវាកម្ម
- ទោះបីមានសិទ្ធិណាមួយដែលមានចែងក្នុង ខ និង លក្ខខណ្ឌទាំងនេះក៏ដោយ ក្នុងករណីដែលលោកអ្នកក្លាយជា បុគ្គលដែលត្រូវបានច្បាប់ហាមឃាត់ នោះធនាគារអាចនឹងបដិសេធភ្លាមៗចំពោះដំណើរការលើពាក្យសុំរបស់លោកអ្នក ឬ បញ្ឈប់ការផ្គត់ផ្គង់ផលិតផល ឬ សេវាកម្មដល់លោកអ្នក ឬ បញ្ឈប់រាល់ការរៀបចំទាំងនេះជាមួយលោកអ្នកភ្លាម។
- ស្ថិតក្នុងកាលៈទេសៈបែបនេះ ធនាគារនឹងមិនទទួលខុសត្រូវចំពោះលោកអ្នកនោះឡើយ ក្នុងករណី យើងខ្ញុំអនុវត្តសិទ្ធិរបស់យើងខ្ញុំស្របតាមខ្លឹមសារនៃប្រការនេះ ហើយលោកអ្នកត្រូវតែទទួលនូវការខាតបង់ បន្ទុកចំណាយ ឬ សោហ៊ុយនានាចំពោះយើងខ្ញុំ ក្នុងទំនាក់ទំនងនៃកិច្ចការណាមួយដែលយើងខ្ញុំបានបំពេញដូចមានចែងក្នុងប្រការនេះ ព្រមទាំង ខ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
៥. សុវត្ថិភាព
៥.១. កាតព្វកិច្ចសុវត្ថិភាពរបស់លោកអ្នក
- លោកអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីរក្សាសុវត្ថិភាព និងការពារការប្រើប្រាស់ដោយការក្លែងបន្លំនូវប្រព័ន្ធអ៉ីនធើណែត ឬ ឧបករណ៍ចល័ត និង ព័ត៌មានសុវត្ថិភាព។ ការប្រុងប្រយ័ត្នទាំងនេះរួមមាន៖
(ក) មិនត្រូវសរសេរ ឬ កត់ត្រាព័ត៌មានសុវត្ថិភាពរបស់លោកអ្នកតាមរបៀបដែលនរណាក៏អាចយល់បានងាយនោះឡើយ
(ខ) ការមិនជ្រើសរើសព័ត៌មានសុវត្ថិភាពដែលងាយប៉ាន់ស្មាន
(គ) យកចិត្តទុកដាក់ដើម្បីធានាថា គ្មាននរណាម្នាក់បាន លឺ ឬ ឃើញព័ត៌មានសុវត្ថិភាពរបស់លោកអ្នកនៅពេលលោកអ្នកកំពុងប្រើប្រាស់;
(ឃ) រក្សាព័ត៌មានសុវត្ថិភាពរបស់លោកអ្នកឲ្យប្លែកពីគេ សម្រាប់សេវាធនាគារតាមអ៉ីនធើណែត
(ង) មិនបង្ហាញព័ត៌មានសុវត្ថិភាពរបស់លោកអ្នកទៅនរណាម្នាក់ឡើយ រួមទាំងប៉ូលីស និងយើងខ្ញុំ
(ច) ផ្លាស់ប្តូរព័ត៌មានសុវត្ថិភាពរបស់លោកអ្នកភ្លាមៗប្រសិនបើលោកអ្នកដឹង ឬសង្ស័យថាមាននរណាម្នាក់ដឹងព័ត៌មានសុវត្ថិភាពរបស់លោកអ្នក ឬក្នុងករណីដែលយើងខ្ញុំធ្វើការស្នើសុំ
(ឆ) រក្សាព័ត៌មានសុវត្ថិភាព និងឧបករណ៍ចល័តរបស់លោកអ្នកឲ្យមានសុវត្ថិភាព
(ជ) អនុវត្តតាមការណែនាំទាំងឡាយដែលយើងខ្ញុំបានដាក់ចេញ និងដែលទាក់ទងនឹងការរក្សាព័ត៌មានសុវត្ថិភាពរបស់លោកអ្នកឲ្យមានសុវត្ថិភាព
(ឈ) នៅពេលដែលលោកអ្នកចូលប្រើប្រាស់សេវាធនាគារតាមអ៉ីនធើណែត សូមកុំទុកចោលនូវកម្មវិធីសម្រាប់ចូលប្រើប្រាស់ (Logged-in browser) ឬ ឧបករណ៍ចល័តរបស់លោកអ្នក ឬ អនុញ្ញាតឲ្យនណាម្នាក់ប្រើកម្មវិធី ឬ ឧបករណ៍ចល័តរបស់លោកអ្នកឡើយ
(ញ) ចាកចេញពីកម្មវិធីនៃប្រព័ន្ធធនាគារតាមអ៉ីនធើណែត នៅពេលដែលលោកអ្នកបានបញ្ចប់ការប្រើប្រាស់
(ដ) មិនគួរបង្ហាញព័ត៌មានសុវត្ថិភាពរបស់លោកអ្នកទៅកាន់បុគ្គលដទៃ ឬ បង្ហាញព័ត៌មានអំពីគណនីរបស់លោកអ្នកដល់យើងខ្ញុំនោះឡើយ។
(ថ) អនុវត្តការប្រុងប្រយ័ត្នខ្ពស់ និងឲ្យបានគ្រប់គ្រាន់ដើម្បីស្កេនរកមេរោគកុំព្យូទ័រ ឬការបំផ្លាញផ្សេងទៀត។
(ទ) កុំដំឡើងកម្មវិធីពីប្រភពដែលមិនស្គាល់។
- យើងខ្ញុំនឹងមិនទំនាក់ទំនងទៅកាន់លោកអ្នក (ឬស្នើសុំនរណាម្នាក់ឲ្យធ្វើក្នុងនាមយើងខ្ញុំ) ដើម្បីស្នើសុំបង្ហាញព័ត៌មានសុវត្ថិភាពរបស់លោកអ្នកនោះឡើយ។ ប្រសិនបើ លោកអ្នកទទួលបានការស្នើសុំបែបនេះពីបុគ្គលណាម្នាក់ (ទោះបីបុគ្គលទាំងនោះកំពុងប្រើប្រាស់ឈ្មោះ និង ឡូហ្គូរបស់យើងខ្ញុំ ហើយមើលទៅដូចជាពិតប្រាកដក៏ដោយ) នោះគឺទំនងជាមានការក្លែងបន្លំ ហេតុនេះលោកអ្នកមិនត្រូវផ្តល់ព័ត៌មានសុវត្ថិភាពរបស់លោកអ្នកទៅកាន់បុគ្គលទាំងនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លើសពីនេះលោកអ្នកគួរតែរាយការណ៍អំពីហេតុការណ៍នោះមកយើងខ្ញុំជាបន្ទាន់។
- លោកអ្នកនឹងទទួលខុសត្រូវចំពោះរាល់ការណែនាំទាំងអស់លោកអ្នក ឬ បុគ្គលណាម្នាក់ដែលធ្វើក្នុងនាមលោកអ្នក និងដែលមានការអនុញ្ញាតពីលោកអ្នក ចាប់ពីពេលដែលលោកអ្នកចូល រហូតដល់ពេលដែលលោកអ្នកចាកចេញពីកម្មវិធីធនាគារតាមអ៉ីនធើណែត។
- លោកអ្នកត្រូវទទួលខុសត្រូវក្នុងការធានាឲ្យមានសុវត្ថិភាពនូវរាល់ព័ត៌មានដែលបានបង្ហាញ ឬ រក្សាទុកនៅលើទូរស័ព្ទដៃរបស់លោកអ្នកជានិច្ច។
- សូមជូនដំណឹងដល់យើងខ្ញុំ ក្នុងករណីដែលលោកអ្នកបានផ្លាស់ប្តូរលេខទូរស័ព្ទ ដើម្បីអាចឲ្យយើងខ្ញុំធ្វើបច្ចុប្បន្នភាពក្នុងប្រព័ន្ធទិន្នន័យរបស់យើងខ្ញុំ។ នោះគឺក្នុងគោលបំណងដើម្បីរក្សាសុវត្ថិភាព។
៥.២. អ្វីដែលត្រូវធ្វើ ប្រសិនបើមានការបំពានសុវត្ថិភាព?
- ក្នុងករណីដែលលោកអ្នកដឹង ឬ សង្ស័យថាបុគ្គលណាម្នាក់ផ្សេងទៀតដឹងពីព័ត៌មានសុវត្ថិភាពរបស់លោកអ្នក ឬ បានប្រើប្រាស់ ឬ ព្យាយាមប្រើប្រាស់ ឬ ក្នុងករណីដែលឧបករណ៍ចល័តរបស់អ្នកបានបាត់ ឬ ត្រូវគេលួច លោកអ្នកត្រូវតែជូនដំណឹងដល់យើងខ្ញុំជាបន្ទាន់ដោយទូរស័ព្ទមកការិយាល័យទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ (៨៥៥) ៨៦ ៩៣០ ០០០ / ៨៩ ៩៨៩ ៨១៨ (២៤/៧)។
៥.៣. Software, Hardware និងឧបករណ៍សុវត្ថិភាព
- លោកអ្នកទទួលស្គាល់ និងយល់ព្រមថា ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្តូរប្រភេទ ឬ កំណែរថ្មី ឬ ការផ្លាស់ប្ដូរព័ត៌មានលម្អិតនៃ Hardware ឬ ឧបករណ៍ណាមួយដែលតម្រូវសម្រាប់ការប្រើប្រាស់សេវាធនាគារតាមអ៉ីនធើណែត ហើយក្នុងករណីដែលលោកអ្នកមិនអាចបំពេញតាមតម្រូវការទាំងនោះបាន នោះធនាគារអាចបដិសេធរាល់ការស្នើសុំដែលលោកអ្នកបានផ្ញើមក ហើយរំលាយកិច្ចព្រមព្រៀងនេះភ្លាមៗ។
៦. ស្ថានភាពដែលខុសប្រក្រតី និងមិនអាចប៉ាន់ស្មានទុកជាមុន
- យើងខ្ញុំមិនទទួលខុសត្រូវចំពោះ៖
(ក) កាលៈទេសៈខុសប្រក្រតី និងមិនអាចប៉ាន់ស្មានទុកជាមុនដែលហួសពីការគ្រប់គ្រងរបស់យើងខ្ញុំ ផលវិបាកដែលមិនអាចជៀសវាងបាន ទោះបីមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ឬ
(ខ) កាតព្វកិច្ចនៅក្រោមច្បាប់ជាធរមាន។
៧. ការកែប្រែ
- យើងខ្ញុំរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ កែប្រែ លុបចោល បន្ថែម ឬ ផ្លាស់ប្តូរ ខ និងលក្ខខណ្ឌដែលនឹងត្រូវចងភ្ជាប់កាតព្វកិច្ចចំពោះលោកអ្នក ដោយមិនមានការជូនដំណឹងទុកជាមុន។
៨. ការប្រើប្រាស់ជាអន្តរជាតិ
- លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ការចូលប្រើប្រាស់សេវាធនាគារតាមអ៉ីនធើណែតពីក្រៅប្រទេសកម្ពុជាត្រូវ៖
(ក) តម្រូវការត្រួតពិនិត្យផ្នែកសារពើពន្ធ ឬ ការកែប្រែផ្សេងទៀតនៃប្រទេសដែលប្រតិបត្តិការត្រូវបានអនុវត្ត ឬ ស្នើសុំ ឬ
(ខ) ច្បាប់ និងបទបញ្ញត្តិ ពាក់ព័ន្ធដទៃទៀតរបស់ប្រទេសកម្ពុជា ហើយ ច្បាប់ ឬ បទបញ្ញត្តិទាំងអស់មិនត្រូវផ្ទុយនឹងច្បាប់កម្ពុជាឡើយ។
៩. ការបញ្ឈប់ និងការបញ្ចប់ប្រតិបត្តិការធនាគារតាមអ៉ីនធើណែត
- ធនាគារមានសិទ្ធិ៖
(ក) ដោយមានឆន្ទានុសិទ្ធិដាច់ខាតក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះ ឬ បញ្ឈប់ ឬ លុបចោលសេវាធនាគារតាមអ៉ីនធើណែតនៅពេលណាមួយ ដោយពុំចាំបាច់ផ្ដល់នូវហេតុផលឡើយ។
(ខ) បញ្ចប់កិច្ចព្រមព្រៀងនេះជាបន្ទាន់ ក្នុងករណីដែលលោកអ្នកបំពានកិច្ចព្រមព្រៀងនេះ ឬ កិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើឡើងជាមួយធនាគារ។ ធនាគារអាចនឹងបញ្ឈប់ការប្រើប្រាស់សេវាធនាគារតាមអ៉ីនធើណែត ខណៈពេលដែលធនាគារកំពុងស៊ើបអង្កេតថាតើបញ្ហានេះអាចកើតឡើង ឬ យ៉ាងណា។
(គ) អាចប្រើមធ្យោបាយសមរម្យណាមួយ ដើម្បីជូនដំណឹងដល់អតិថិជនអំពីការបញ្ចប់នោះ។
- ការបញ្ចប់កិច្ចព្រមព្រៀងនេះនឹងមិនប៉ះពាល់ដល់ប្រតិបត្តិការបន្តនៃសំណងណាមួយដែលផ្តល់ដោយអ្នក ដោយគោរពទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ឬ ប៉ះពាល់ដល់សិទ្ធិ ឬ ការទទួលខុសត្រូវណាមួយដែលអាចកើតឡើងមុនពេលបញ្ចប់នោះឡើយ។
- នៅពេលបញ្ចប់កិច្ចព្រមព្រៀងនេះដោយភាគីណាមួយ និងដោយហេតុផលណាមួយនោះ លោកអ្នកយល់ព្រមថា៖
(ក) លោកអ្នកត្រូវបញ្ឈប់ការប្រើប្រាស់ឧបករណ៍សុវត្ថិភាព និង/ឬ សេវាធនាគារតាមអ៉ីនធើណែត ហើយត្រូវធានាថារាល់ការប្រើប្រាស់ដែលមានការអនុញ្ញាតទាំងអស់ត្រូវបានលុប និង
(ខ) លោកអ្នកត្រូវប្រគល់ត្រឡប់វិញនូវ ឧបករណ៍សុវត្ថិភាព ហើយត្រូវធានាថា អ្នកប្រើប្រាស់ដែលទទួលការអនុញ្ញាតត្រូវប្រគល់ត្រឡប់វិញដូចគ្នាផងដែរ។
១០. វិវាទ និងដំណោះស្រាយ
១០.១. អ្វីដែលត្រូវធ្វើក្នុងករណីដែលអ្នកមានការទាមទារ
- ក្នុងករណីដែលលោកអ្នកជឿជាក់ថា ទឹកប្រាក់របស់លោកអ្នកបានបាត់ដោយសារកំហុសណាមួយក្នុងប្រតិបត្តិការ ឬ លោកអ្នកបានបាត់ទូរស័ព្ទដៃ ឬ ឧបករណ៍ចល័តរបស់លោកអ្នក លោកអ្នកត្រូវទាក់ទងមកកាន់ការិយាល័យទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំជាបន្ទាន់ យើងខ្ញុំនឹងធ្វើការស៊ើបអង្កេតហើយ ឆ្លើយតបទៅកាន់លោកអ្នកវិញ។ បញ្ហាភាគច្រើនអាចត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ដោយការពិភាក្សាជាមួយយើងខ្ញុំ។
- ក្នុងករណីដែលការស៊ើបអង្កេតមិនត្រូវបានបញ្ចប់ក្នុងអំឡុងពេលនោះ លោកអ្នកនឹងត្រូវបានជូនដំណឹងអំពីមូលហេតុ។
- ក្នុងករណីដែលកំហុសបណ្តាលមកពីធនាគារ យើងខ្ញុំនឹងកែសម្រួលកំហុសព្រមទាំងកែសម្រួលថ្លៃសេវា ឬការគិតថ្លៃណាមួយដែលអាចនឹងកើតឡើងជាលទ្ធផលនៃកំហុសនោះ។
- ក្នុងករណីដែលមានកំហុសណាមួយកើតឡើងជាមួយប្រតិបត្តិការ ឬការទូទាត់ប្រាក់របស់លោកអ្នក សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំភ្លាមៗតាមរយៈទូរស័ព្ទលេខ (+៨៥៥) ៨៦ ៩៣០ ០០០ / ៨៩ ៩៨៩ ៨១៨ (២៤/៧)។
១១. ករណីប្រធានសក្តិ
- ធនាគារនឹងមិនទទួលខុសត្រូវចំពោះលោកអ្នកនោះឡើយ ក្នុងករណីដូចខាងក្រោម៖
(ក) ការយឺតយ៉ាវ ឬ ការខកខានក្នុងការអនុវត្តទោះបីអាច ឬមិនអាចប៉ាន់ស្មានដឹងជាមុន និង/ឬ
(ខ) ការខាតបង់ ការចំណាយ ឬ ការខូចខាតដែលកើតឡើងពីស្ថានភាព ឬ មូលហេតុទាំងឡាយណាដែលមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់ធនាគារ ទោះបីអាច ឬ មិនអាចប៉ាន់ស្មានជាមុនក៏ដោយ។
- កាតព្វកិច្ចរបស់ធនាគារ នៅពេលដែលរងផលប៉ះពាល់ដោយសារករណីប្រធានសក្តិ ឬ ហេតុការណ៍ណាមួយដែលហួសពីការគ្រប់គ្រងដោយសមហេតុផលរបស់ធនាគារ នឹងត្រូវផ្អាកក្នុងកំឡុងពេលដែលការយឺតយ៉ាវ ឬ ការខកខាននៃការអនុវត្តនោះនៅកំពុងបន្ត ដោយករណីនេះមិនត្រូវចាត់ទុកថាជាការបំពានកិច្ចព្រមព្រៀងនេះឡើយ។
១២. ការលុបចោល
- ធនាគារមិនត្រូវបានចង់កាតព្វកិច្ចក្នុងការលុបចោល ឬ កែប្រែការណែនាំណាមួយឡើយ នៅក្រោយពេលដែលព័ត៌មានទាំងនោះត្រូវបានបញ្ជូនទៅដល់ធនាគារ។ យើងខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការចាត់វិធានការលុបចោល ឬ កែប្រែ នៅមុនពេលដែលធនាគារប្រតិបត្តិតាមការណែនាំនោះ ប៉ុន្តែយើងខ្ញុំនឹងមិនមានទំនួលខុសត្រូវអ្វីទាំងអស់ ក្នុងករណីដែលការស្នើសុំលុបចោល ឬ កែប្រែ ធ្វើឡើងមិនទាន់ពេលវេលា ឬ មិនអាចធ្វើទៅបាន។
- ក្នុងករណីធនាគារព្យាយាមលុបចោល ឬកែប្រែការណែនាំណាមួយតាមការស្នើសុំរបស់លោកអ្នក លោកអ្នកត្រូវទទួលខុសត្រូវក្នុងការចំណាយ និងសោហ៊ុយទាំងអស់ដែលធនាគារបានកំណត់ឡើង ។
- ដើម្បីចៀសវាងការសង្ស័យ ធនាគារនឹងមិនតម្រូវឲ្យទទួលយក ឬជូនដំណឹងអំពីការលុបចោល ឬការកែប្រែណាមួយនោះទេ រហូតដល់ពេលដែលធនាគារទទួលបានការជូនដំណឹងអំពីការលុបចោល ឬ ការកែប្រែពីលោកអ្នកដោយផ្ទាល់។
១៣. កម្រៃសេវា
- លោកអ្នកយល់ព្រមបង់កម្រៃសេវាទាំងអស់ សម្រាប់ការប្រើប្រាស់សេវាធនាគារតាមអ៉ីនធើណែត ដែលកំណត់ដោយធនាគារពីពេលមួយទៅពេលមួយ។
- លោកអ្នកទទួលស្គាល់ថា ធនាគាររក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា (រួមទាំងកម្រៃសេវាថ្មី) ។ ធនាគារមានឆន្ទានុសិទ្ធិក្នុងការជូនដំណឹង ឬ មិនជូនដំណឹងអំពីការកែប្រែនេះ ហើយការកែប្រែកម្រៃសេវានោះនឹងត្រូវបានចងជាកាតព្វកិច្ចរបស់អ្នក។
- ធនាគារត្រូវបានអនុញ្ញាតឲ្យដកកម្រៃសេវានានាដែលអតិថិជនបានប្រើប្រាស់ សម្រាប់សេវាធនាគារតាមអ៉ីនធើណែត ពីគណនីណាមួយ (ទោះគណនីទោលក្ដី ឬ គណនីរួមគ្នាក្ដី)ដែលអតិថិជនមាននៅក្នុងធនាគារ។
- ក្នុងករណីដែលថវិកាមិនគ្រប់គ្រាន់នៅក្នុងគណនីរបស់លោកអ្នក ធនាគារអាចនឹង (មិនត្រូវចងកាតព្វកិច្ច) ដកប្រាក់គណនីផ្សេងទៀតរបស់លោកអ្នកជាមួយធនាគារ (ទោះគណនីទោលក្ដី ឬ គណនីរួមគ្នាក្ដី ឬ ទោះជាគណនីសម្រាប់ប្រើប្រាស់ធនាគារតាមអ៉ីនធើណែត ឬ មិនមែនក្ដី) តាមការសម្រេចរបស់ធនាគារ ទោះបីជាយ៉ាងណាធនាគារមិនត្រូវបានរារាំងសិទ្ធិក្នុងការសម្រេចលុបចោលការណែនាំរបស់យើង និងបញ្ចប់កិច្ចព្រមព្រៀងនេះឡើយ។
- លោកអ្នកយល់ព្រមបន្ថែមទៀតថា៖
(ក) រាល់ថ្លៃចំណាយ កម្រៃសេវា សោហ៊ុយ ការប្រាក់ និងចំនួនទឹកប្រាក់ផ្សេងទៀតដែលត្រូវបង់ជូនធនាគារ អនុលោមតាមកិច្ចព្រមព្រៀងនេះត្រូវគិតជាប្រាក់ដុល្លារអាមេរិក ឬជារូបិយប័ណ្ណផ្សេងទៀតតាមការកំណត់របស់ធនាគារ និង
(ខ) លោកអ្នកត្រូវបង់ពន្ធលើទំនិញ និងសេវាកម្មណាមួយ ឬ ពន្ធដទៃផ្សេងទៀត (តទៅហៅថា “ពន្ធ”) ដែលតម្រូវដោយច្បាប់នាពេលបច្ចុប្បន្ន និងនាពេលអនាគត ឬ ស្របតាមគោលការណ៍នៃសេវាធនាគារតាមអ៉ីនធើណែត ឬ ពាក់ព័ន្ធនឹងការណែនាំណាមួយដែលអនុវត្តស្របតាមកិច្ចព្រមព្រៀងនេះ ហើយអ្នកនឹងបង់ជូនធនាគារវិញ សម្រាប់ការទូទាត់ណាមួយដោយធនាគារដែលការទូទាត់ទាំងនោះនឹងត្រូវធ្វើឡើងតាមរបៀបដូចគ្នា និងរួមគ្នាជាមួយនឹងសោហ៊ុយ និងកម្រៃ សេវាដែលត្រូវជាប់ពន្ធទាំងនោះ។
១៤. ការប្រឆាំងនឹងការសម្អាតប្រាក់
- លោកអ្នកយល់ព្រមថា ធនាគារអាចពន្យាពេល រារាំង ឬ បដិសេធមិនធ្វើប្រតិបត្តិការណាមួយ ឬ លុបចោលការចូលប្រើប្រាស់សេវាធនាគារតាមអ៉ីនធើណែត និង/ឬ បញ្ឈប់ជាបន្ទាន់ និង ដោយគ្មានការជូនដំណឹងជាមុនដល់លោកអ្នកដោយមិនមានការទទួលខុសត្រូវណាមួយឡើយ ក្នុងករណីដែលធនាគារសង្ស័យថា៖
(ក) ប្រតិបត្តិការណាមួយអាចត្រូវបានរំលោភបំពានលើច្បាប់ ឬ បទបញ្ញត្តិណាមួយរបស់ប្រទេសកម្ពុជា ឬ ប្រទេសដទៃផ្សេងទៀត។
(ខ) ប្រតិបត្តិការណាមួយអាចពាក់ព័ន្ធនឹងបុគ្គលណាមួយ (រូបវន្តបុគ្គល នីតិបុគ្គលឯកជន ឬ នីតិបុគ្គលសាធារណៈ) ដែលត្រូវបានជាប់ទណ្ឌកម្ម ឬ ភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ ឬ ដោយប្រយោលជាមួយនឹងបុគ្គលណាម្នាក់ដែលត្រូវបានដាក់ទណ្ឌកម្មក្រោមទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលសម្រេចដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ឬ ប្រទេសណាមួយ ឬ ប្រតិបត្តិការណាមួយដែលអាចពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលនូវដំណើរការ ឬ ការអនុវត្តដែលមានគោលបំណងនៃការប្រព្រឹត្ដផ្ទុយច្បាប់។
- លោកអ្នកត្រូវផ្តល់ព័ត៌មានទាំងអស់ដែលយើងខ្ញុំត្រូវការចាំបាច់ ដើម្បីគ្រប់គ្រងការសម្អាតប្រាក់កខ្វក់ ឬ ការផ្តល់ហិរញ្ញប្បទានភេរវកម្ម និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឬ ដើម្បីអនុវត្តស្របតាមច្បាប់នៃប្រទេសកម្ពុជា ឬ ប្រទេសផ្សេងទៀត។ លោកអ្នកយល់ព្រមថា យើងខ្ញុំអាចបង្ហាញព័ត៌មានណាមួយដែលទាក់ទងនឹងលោកអ្នក ក្នុងករណីដូចខាងក្រោម៖
(ក) ការតម្រូវដោយច្បាប់ ទីភ្នាក់ងារមានសមត្ថកិច្ច ឬ តុលាការ ស្របតាមច្បាប់ ឬ បទបញ្ញត្តិជាធរមា
(ខ) ប្រទេសកម្ពុជា ឬ កន្លែងដទៃផ្សេងទៀត និង
(គ) ការប្រើប្រាស់ធនាគារទំនាក់ទំនងធនាគារហ្វីលីព ដើម្បីទូទាត់ប្រាក់ក្នុងគោលបំណងណាមួយស្របតាមច្បាប់ ឬ បទបញ្ញត្តិជាធរមាន។
១៥. លក្ខខណ្ឌនៃសេវាធនាគារ
- បន្ថែមលើ ខ និង លក្ខខណ្ឌទាំងអស់ខាងលើនេះ លោកអ្នកយល់ព្រមថា រាល់ ខ និងលក្ខខណ្ឌផ្សេងទៀតដែលត្រូវអនុវត្តចំពោះសេវាធនាគារ និង/ឬ ការរៀបចំផ្សេងទៀតរវាងធនាគារ និងលក្ខខណ្ឌនៃសេវាធនាគារនឹងត្រូវបន្តអនុវត្តជាធរមាន និងមានប្រសិទ្ធភាពដដែល។
- ក្នុងករណីមានភាពមិនស៊ីចង្វាក់គ្នារវាង ខ និង លក្ខខណ្ឌទាំងនេះ និង លក្ខខណ្ឌនៃសេវាធនាគារនោះ លក្ខខណ្ឌនៃសេវាធនាគារនឹងមានឧត្តមានុភាពក្នុងការបកស្រាយ និងអនុវត្ត។
១៦. ច្បាប់គ្រប់គ្រង
- ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាច្បាប់ដែលគ្រប់គ្រងទំនាក់ទំនង ខ និង លក្ខខណ្ឌទាំងអស់ខាងលើនេះហើយតុលាការនៃប្រទេសកម្ពុជាជាតុលាការដែលមានសមត្ថកិច្ចក្នុងការដោះស្រាយវិវាទ។
១៧. សេចក្ដីប្រកាសរបស់អ្នកប្រើប្រាស់
- ខ្ញុំបានអាន និងទទួលស្គាល់រាល់ ខ និងលក្ខខណ្ឌទាំងអស់ខាងលើនេះ។
១៨. ព័ត៌មានបន្ថែម
- សម្រាប់ព័ត៌មានបន្ថែមអំពី សេវាធនាគារតាមអ៉ីនធើណែត សូមផ្ញើអ៉ីម៉ែលមក info@phillipbank.com.kh ឬទាក់ទងមកសេវាបម្រើអតិថិជនរបស់ធនាគារហ្វីលីពៈ (+៨៥៥) ៨៦ ៩៣០ ០០០ / ៨៩ ៩៨៩ ៨១៨ (២៤/៧)។