ភ្នំពេញ ថ្ងៃទី16 ខែសីហា ឆ្នាំ2024 – ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការលើកស្ទួយវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានអ្នកដឹកនាំជំនាន់ក្រោយនៅក្នុងសហគមន៍ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់នៅកម្ពុជា បានធ្វើការសហការជាមួយសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សពូកែចំនួន 12 នាក់។
កម្មវិធីនេះត្រូវបានធ្វើឡើងនាពេលព្រឹក នៅសាខា BM2 របស់សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ក្នុងខណ្ឌសែនសុខ ដោយមានការចូលរួមពីមាតាបិតា សិស្សានុសិស្ស ក៏ដូចជាថ្នាក់ដឹកនាំពីស្ថាប័នទាំងពីរផងដែរ។ អាហារូបករណ៍នេះ ផ្តល់ជូនដល់សិស្សឆ្នើមដែលកំពុងសិក្សានៅថ្នាក់ទី1 ដល់ទី12 ដែលបានបង្ហាញលទ្ធផលល្អនៅក្នុងឆ្នាំសិក្សារបស់ខ្លួន។ ការផ្តល់ជូនអាហារូបករណ៍នេះ ត្រូវបានសង្ឃឹមថាអាចនឹងក្លាយជាផ្នែកមួយនៃការបំផុសគំនិតសម្រាប់ឱ្យសិស្សានុសិស្សបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងឆ្នាំសិក្សាខាងមុខ។
លោក រ៉េម៉ុន ឈីហ៊្សេឡុង អគ្គនាយករងនៃធនាគារ ហ្វីលីព បានមានប្រសាសន៍ថា “ការលើកស្ទួយវិស័យអប់រំ និងការអភិវឌ្ឍន៍យុវជនដែលមានទេពកោសល្យ គឺការប្តេជ្ញាចិត្តដ៏សំខាន់មួយរបស់ធនាគារ ហ្វីលីព ចំពោះសហគមន៍ដែលយើងកំពុងបម្រើការ។ កម្មវិធីអាហារូបករណ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ហ្វីលីព ក្នុងការចូលរួមចំណែកជាផលវិជ្ជមានមួយទៅដល់សហគមន៍កម្ពុជា”។
បណ្ឌិត សេង បូណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះភាពជាដៃគូនេះ ដោយសារស្ថាប័នទាំងពីរមានចក្ខុវិស័យដូចគ្នាក្នុងការគាំទ្រឱ្យសិស្សានុសិស្សម្នាក់ៗសម្រេចបាននូវសក្តានុពលខ្ពស់បំផុតរបស់ពួកគេ និងក្លាយជាទំពាំងស្នងឬស្សីដ៏រឹងមាំនៅក្នុងសង្គម។
លោក សេង បូណា បានមានប្រសាសន៍ថា “អាហារូបករណ៍នេះបានបង្ហាញឱ្យឃើញថានេះមិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ តែវាគឺជាការវិនិយោគដ៍ធំនាពេលអនាគតនៅក្នុងសហគមន៍របស់យើង និងជាសក្ខីភាពក្នុងការបញ្ជាក់ឱ្យឃើញអំពីឥទ្ធិពលនៃការអប់រំ ដែលអាចផ្លាស់ប្តូរជីវិតមនុស្សម្នាក់ៗបាន។ យើងរីករាយក្នុងការចូលរួមជាមួយនឹងចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ធនាគារ ហ្វីលីព ក្នុងការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងទៅដល់អ្នកដឹកនាំជំនាន់ក្រោយ” ។
ក្រៅពីកម្មវិធីអាហារូបករណ៍ ធនាគារ ហ្វីលីព និងសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា គឺជាដៃគូដ៏ល្អជាយូរមកហើយ នៅក្នុងវិស័យអប់រំ ដោយសាលាជាចំណោមដៃគូដំបូងគេដែលចាប់ផ្តើមអនុវត្តដំណើរការទូទាត់សាច់ប្រាក់តាមរយៈ KHQR ។ គំនិតផ្តួចផ្តើមបែបនេះបានផ្តល់នូវភាពងាយស្រួលមួយកម្រិតទៀតសម្រាប់ឪពុកម្តាយសិស្សក្នុងការបង់ថ្លៃសិក្សារបស់កូនៗតាមរយៈកម្មវិធីធនាគារចល័ត Phillip Mobile ។
អំពីសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា (TVIS)
សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយលោកបណ្ឌិត សេង បូណា ដែលសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាមានបេសកកម្មច្បាស់លាស់ មានការប្តេជ្ញាចិត្តច្បាស់លាស់ និងរឹងមាំក្នុងការកសាងសិស្សដែលមានអោយមាន លក្ខណៈជាគំរូ និងភាពជាអ្នកដឹកនាំ។ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ជឿជាក់យ៉ាងមុតមាំ និងដំណើរឆ្ពោះទៅមុខរបស់សិស្សានុសិស្ស បន្ទាប់ពីសិស្សបានបញ្ចប់ការសិក្សា ដោយបទពិសោធន៍ជីវិតរបស់ពួកគេនឹងត្រូវបានផ្លាស់ប្តូរតាមរយះការអប់រំនៅទ្រូវីហ្សិន។
កម្មវិធីសិក្សាត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីបណ្តាប្រទេសទំនើបៗដូចជា សិង្ហបុរី សហរដ្ឋអាមេរិក នូវែលហ្សេឡង់ អូស្ត្រាលី និងអង់គ្លេស ដើម្បីផ្តល់ការអប់រំមួយអោយសិស្សមានជំនាញគណិតវិទ្យា និងអក្ខរកម្ម។
ជាមួយនឹងសាខាចំនួន 10 ក្នុងឆ្នាំ2024 សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាផ្តល់ការអប់រំចាប់ពីកម្រិតមត្តេយ្យដល់កម្រិតវិទ្យាល័យ។ លើសពីនេះ សាលារៀ អន្តរជាតិទ្រូវីហ្សិនកម្ពុជាបានពង្រីកភាពជាដៃគូជា សកលដែលរួមមាន នូវែលហ្សេឡង់ សិង្ហបុរី អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលសិស្សបានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយសាលារៀនជាមួយបណ្តាសាលាជាដៃគូនៅឯបរទេស។ សិស្សទ្រូវីហ្សិនមានសិទ្ធិចូលប្រឡងតេស្តសមត្ថភាពអង់គ្លេស IELTS និង Cambridge ដើម្បីបន្តការសិក្សានៅក្រៅបរទេស។ តាមរយៈភាពជាដៃគូ សិស្សអាចសិក្សារយះពេលខ្លីនៅសាលាដៃគូរ និង ក្រៅប្រទេស ហើយសិស្សអាចផ្ទេរការសិក្សាតាមរយះប្រព័ន្ទផ្ទេរការសិក្សាអន្តរជាតិ(ICT) បន្ទាប់ពីពួកគេបានបញ្ចប់វគ្គសិក្សា។