សេចក្តីជូនដំណឹងអំពីឯកជនភាពទិន្នន័យ

សេចក្តីជូនដំណឹងអំពី ឯកជនភាពទិន្នន័យ (“សេចក្តីជូនដំណឹងឯកជនភាព”) គ្រប់គ្រងការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលរបស់អតិថិជន ធនាគារ ហ្វីលីព ភីអិលស៊ី (“ធនាគារ”) ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងច្បាប់អនុវត្តផ្សេងៗទៀតទាក់ទងនឹងទិន្នន័យបុគ្គល នៃប្រទេសកម្ពុជា។

ការធ្វើប្រព្រឹត្តកម្ម សំដៅដល់ប្រតិបត្តិការណាមួយ ឬសំណុំនៃប្រតិបត្តិការដែលបានអនុវត្តបានលើទិន្នន័យបុគ្គល ទោះដោយមធ្យោបាយស្វ័យប្រវត្តិកម្ម ឬមិនស្វ័យប្រវត្តិកម្មក៏ដោយ រួមមានជាអាទិ៏ ការប្រមូល ការកត់ត្រា ការរៀបចំ ការរក្សាទុក ការកែប្រែ ការទាញយក ការប្រើប្រាស់ ការលាតត្រដាងដោយបញ្ជូន ការផ្សព្វផ្សាយ ការលុប និងការបំផ្លាញចោល។ គោលបំណងនៃសេចក្តីជូនដំណឹងឯកជនភាព គឺដើម្បីបង្ហាញនូវការយកចិត្តទុកដាក់របស់ធនាគារ នៅក្នុងការការពារសុវត្ថិភាព ភាពសម្ងាត់ និងសុចរិតភាពនៃទិន្នន័យបុគ្គលដែលអតិថិជនបានផ្តល់ដល់ធនាគារ។

ការប្រមូលទិន្នន័យបុគ្គល

ទិន្នន័យបុគ្គល សំដៅដល់ព័ត៌មានដែលពាក់ព័ន្ធនឹងរូបវន្តបុគ្គល ដែលកំណត់អត្តសញ្ញាណ ឬអាចកំណត់អត្តសញ្ញាណរូបវន្តបុគ្គលនោះបាន។ ទិន្នន័យបុគ្គលរួមមាន ព័ត៌មានអំពីឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត អាសយដ្ឋាន សញ្ជាតិ អត្តសញ្ញាណដែលចេញដោយរដ្ឋាភិបាល រូបថត ព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង គណនីធនាគារ ប្រវត្តិឥណទាន ក៏ដូចជាព័ត៌មានជីវមាត្រ ឬព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងអត្តសញ្ញាណរបស់បុគ្គល (“ព័ត៌មាន”)។
ទិន្នន័យបុគ្គលរបស់អតិថិជនត្រូវបានប្រមូល និង/ឬប្រមូលពី៖

  • ព័ត៌មានដែលធនាគារប្រមូល មានប្រភពចេញពីផលិតផល ឬសេវាកម្មដែលអតិថិជនស្នើសុំ ឬធ្លាប់បានសាកសួរ
  • ធនាគារក៏អាចប្រមូល និងរក្សាទុកព័ត៌មាន នៅក្នុងកំឡុងពេលដែលអតិថិជនកំពុងប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ
  • ព័ត៌មានផ្សេងទៀត ដែលជាតម្រូវការរបស់ធនាគារ និងទទួលបានការយល់ព្រមពីអតិថិជន

ការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គល

ព័ត៌មានរបស់អតិថិជនដែលគ្រប់គ្រងដោយធនាគារ នឹងមិនត្រូវបានចែករំលែកដល់ស្ថាប័ន ឬភាគីខាងក្រៅណាមួយឡើយ លើកលែងតែ៖

  • ព័ត៌មានរបស់អតិថិជនអាចត្រូវបានចែករំលែកទៅកាន់ បុត្រសម្ព័ន្ធរបស់ធនាគារ សាខារបស់ធនាគារ ភ្នាក់ងារ ការផ្សព្វផ្សាយ ឬភ្នាក់ងារផ្តល់សេវា ដែលជួយ ឬធ្វើការឱ្យធនាគារ
  • ការចែករំលែកដល់អាជ្ញាធរអាណាព្យាបាល សវនករ អភិបាលបណ្តោះអាសន្ន អ្នកជម្រះបញ្ជី តុលាការ ឬការតម្រូវដោយច្បាប់ និង/ឬបទប្បញ្ញត្តិ

សិទ្ធិរបស់អតិថិជន

  • មុនពេលធ្វើប្រព្រឹត្តកម្មព័ត៌មាន អតិថិជននឹងត្រូវបានជូនដំណឹងអំពី គោលបំណងដែលព័ត៌មាននឹងត្រូវបានប្រើប្រាស់ ឬចែករំលែក
  • អតិថិជន មានសិទ្ធិស្នើសុំព័ត៌មានទាក់ទងនឹងការចូលប្រើប្រាស់ និងការធ្វើប្រព្រឹត្តកម្មព័ត៌មាន
  • អតិថិជន មានសិទ្ធិស្នើសុំដាក់កម្រិតការធ្វើប្រពឹត្តកម្មព័ត៌មាន ដោយស្នើសុំធនាគារឱ្យដាក់កម្រិតការធ្វើប្រព្រឹត្តកម្មព័ត៌មានក្នុងលក្ខខណ្ឌសមស្រប
  • អតិថិជន អាចស្នើសុំកែតម្រូវ និង/ឬធ្វើបច្ចុប្បន្នភាពព័ត៌មាន
  • អតិថិជន អាចស្នើសុំលុបព័ត៌មាន ប៉ុន្តែព័ត៌មានអាចនឹងត្រូវរក្សាទុក ស្របទៅតាមតម្រូវការនៃបទប្បញ្ញត្តិពាក់ព័ន្ធ

វិធានការសន្តិសុខផ្ទៃក្នុង

ធនាគារអនុវត្តវិធានការសុវត្ថិភាពសមស្រប ដើម្បីការពារព័ត៌មានរបស់អតិថិជនពីការចូលប្រើប្រាស់ ការប្រើប្រាស់ ការចែករំលែក ការផ្លាស់ប្តូរ ឬការបំផ្លិចបំផ្លាញដោយមិនបានអនុញ្ញាត។ វិធានការទាំងនេះរួមមាន:

  • វិធានការសុវត្ថិភាពដោយផ្ទាល់៖ ធានាសុវត្ថិភាពគ្រឿងបរិក្ខារ និងការគ្រប់គ្រងការចូលប្រើប្រាស់
  • វិធានការសុវត្ថិភាពបច្ចេកទេស៖ ការបម្លែងជាកូដទិន្នន័យ ជញ្ជាំងភ្លើង (Firewall) ប្រព័ន្ធរកឃើញការឈ្លានពាន និងការគ្រប់គ្រងការចូលប្រើប្រាស់
  • វិធានការសុវត្ថិភាពស្ថាប័ន៖ ការត្រួតពិនិត្យផ្ទៃក្នុង ការបណ្តុះបណ្តាលបុគ្គលិក ការត្រួតពិនិត្យសាវតាបុគ្គលិក និងការធ្វើសវនកម្មសុវត្ថិភាពជាប្រចាំ

ការកែប្រែសេចក្តីជូនដំណឹងឯកជនភាព

ធនាគារ រក្សាសិទ្ធិក្នុងការកែប្រែ ផ្លាស់ប្តូរ និង/ឬធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងឯកជនភាពនេះ គ្រប់ពេលវេលា ហើយការកែប្រែ ផ្លាស់ប្តូរ ឬការធ្វើបច្ចុប្បន្នភាពនេះ នឹងមានប្រសិទ្ធភាព នៅពេលដែលសេចក្តីជូនដំណឹងឯកជនភាពដែលបានកែសម្រួលត្រូវបានដាក់ឱ្យប្រើប្រាស់។ ប្រសិនបើមានការផ្លាស់ប្តូរសំខាន់ៗលើសេចក្តីជូនដំណឹងឯកជនភាព ធនាគារនឹងប្រើប្រាស់មធ្យោបាយសមស្របណាមួយ ដើម្បីជូនដំណឹងដល់អតិថិជនឱ្យបានជ្រាប។

របៀបទាក់ទងមកធនាគារ
ប្រសិនបើអ្នកមានសំណួរ កង្វល់ ឬបណ្តឹងតវ៉ាណាមួយ សូមទាក់ទងតាមវិធីខាងក្រោម៖

  • លេខទំនាក់ទំនង (855) 86 930 000 / 89 989 818 / 88 465 9999 (24/7) ឬ
  • អាស័យដ្ឋានអុីមែល info@phillipbank.com.kh