ធនាគារ ហ្វីលីព សម្ពោធជាផ្លូវការសាខាដំបូងដែលរួមបញ្ចូលហិរញ្ញវត្ថុ និងវប្បធម៌

ភ្នំពេញ ថ្ងៃទី 24 ខែមេសា ឆ្នាំ 2025 – ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ក្នុងប្រទេសកម្ពុជា បានប្រកាសជាផ្លូវការ អំពីការបើកសម្ពោធជាផ្លូវការសាខានរោត្តម ដែលបានផ្លាស់ប្តូរមកទីតាំងថ្មី ជាមួយនឹងការរចនាដ៏ទាក់ទាញនិងដំបូងគេបង្អស់ ដោយច្របាច់បញ្ចូលនូវស្នាដៃសិល្បៈ វប្បធម៌ និងសេវាកម្មធនាគារប្រកបដោយស្តង់ដារកម្រិតខ្ពស់។

ទីតាំងថ្មីរបស់ធនាគារ ហ្វីលីព ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 51 ក្នុងខណ្ឌបឹងកេងកង ដែលជាតំបន់ដ៏សក្តានុពលនៅក្នុងរាជធានីភ្នំពេញ។ ការរចនាថ្មីនៃសាខានរោត្តម បានផ្តោតទៅលើការបង្កើតនូវបទពិសោធន៍ថ្មីៗទៅកាន់អតិថិជន ដែលឆ្លុះបញ្ចាំងពីស្តង់ដារនៃសេវាកម្មរបស់ប្រទេសសិង្ហបុរី ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនកម្ពុជា។

ក្រោមភាពជាដៃគូសហការជាមួយនឹងក្រុមហ៊ុន Angkor Arts សាខានរោត្តមបានដាក់បង្ហាញនូវស្នាដៃសិល្បៈខ្មែរដ៏សំបូរបែប និងអនុញាតិឲ្យអតិថិជនអាចជាវបាននូវស្នាដៃសិល្បៈទាំងនោះផងដែរ។  ការដាក់បង្ហាញស្នាដៃសិល្បៈ មិនត្រឹមតែអាចធ្វើឲ្យបរិយាកាសនៅក្នុងធនាគារកាន់តែល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងអាចគាំទ្រដល់ការច្នៃប្រឌិត និងសិល្បៈហត្ថកម្មក្នុងតំបន់ ដោយផ្តល់ឱ្យអ្នកទស្សនានូវឱកាសដើម្បីផ្សាភ្ជាប់ជាមួយសិល្បៈផងដែរ។

លោក Raymond Chee អគ្គនាយករងនៃធនាគារ ហ្វីលីព មានប្រសាសន៍ថា “ចក្ខុវិស័យរបស់ធនាគារ យើងខ្ញុំ សម្រាប់សាខានរោត្តម គឺការផ្តោតសំខាន់ទៅលើការផ្តល់ជូននូវបទពិសោធន៍សេវាកម្មធនាគារដ៏ល្អប្រសើរ និងប្រកបដោយស្តង់ដារខ្ពស់” ។ លោកក៏បានបន្ថែមថា “តាមរយៈការនាំយកស្នាដៃសិល្បៈ ការរចនាថ្មី បូកផ្សំនឹងការយកចិត្តទឹកដាក់លើគុណតម្លៃរបស់អតិថិជន យើងបានបង្កើតទីកន្លែងមួយដែល មានភាពងាយស្រួលក្នុងការពិភាក្សា និងបង្កើនទំនាក់ទំនងឲ្យកាន់តែស្អិតរមួត”។

សាខានរោត្តម ត្រូវបានរៀបចំជាមួយនឹងបន្ទប់ប្រជុំយ៉ាងល្អិតល្អន់ ដោយចាប់ផ្តើមពីការជ្រើសរើសនូវក្លិនក្រអូបពិសេស ក៏ដូចជាការរៀបចំអាហារសម្រន់ផងដែរ។ បន្ទប់ប្រជុំនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់នូវផាសុកភាព និងការបំពាក់នូវឧបករណ៍សន្និសីទវីដេអូកម្រិតខ្ពស់ ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន ក្នុងការពិភាក្សាជាមួយនឹងប្រធានផ្នែកទំនាក់ទំនងទាំងក្នុង និងក្រៅប្រទេស។

មិនថាអតិថិជនអញ្ជើញមកសាខាដើម្បីពិគ្រោះយោបល់ ឬទស្សនាការតាំងបង្ហាញសិល្បៈនោះទេ សាខានរោត្តម បានផ្តល់នូវទីកន្លែងមួយដែលផ្តល់នូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងភាពល្អឯកនៃវប្បធម៌ ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ហ្វីលីព ចំពោះគុណភាព ទំនុកចិត្ត និងភាពជាដៃគូរយៈពេលយូរអង្វែង។