ខចែង និងលក្ខខណ្ឌ

•    មានសុពលភាពចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១
•    ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១

ធនាគារ ហ្វីលីព សម្រេចដាក់ឱ្យដំណើរការនូវសេវាធនាគារចល័តរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យលោកអ្នក បានប្រើប្រាស់នូវកម្មវិធីដ៏ល្អនេះ។

១.    សេចក្ដីផ្ដើម

Phillip Mobile មានគោលបំណងផ្ដល់ជូនលោកអ្នក នូវសេវាធនាគារចល័ត ដែលមានគុណភាពខ្ពស់។ ខចែង និងលក្ខខណ្ឌទាំងអស់ដែលកំណត់ទីនេះមានវិសាលភាពគ្រប់គ្រងកម្មវិធីប្រើប្រាស់សេវាធនាគារចល័តរបស់ធនាគារ ហ្វីលីព ដែលមានឈ្មោះថា Phillip Mobile។ ក្នុងនាមជាអ្នកប្រើប្រាស់កម្មវិធី Phillip Mobile លោកអ្នកត្រូវអានខចែង និងលក្ខខណ្ឌនេះ ដោយប្រុងប្រយ័ត្នមុននឹងចុចប៊ូតុង “យល់ព្រម”។ ដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធី Phillip Mobile លោកអ្នកត្រូវយល់ព្រម និងអនុវត្តតាមលក្ខខណ្ឌទាំងនេះ។ 

ដោយចុចប៊ូតុង “យល់ព្រម” នោះបញ្ជាក់ថាលោកអ្នកបានអាន បានស្វែងយល់ បានទទួលស្គាល់ បានយល់ព្រម និងបានសំដែងឆន្ទៈយល់ព្រម ចំពោះខចែង និងលក្ខខណ្ឌដែលបានបង្ហាញ និងមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។ 

នៅថ្ងៃអនាគតធនាគារ ហ្វីលីព អាចនឹងផ្ដល់ជូនលោកអ្នកនូវមុខងារសេវាធនាគារចល័តថ្មីៗ បន្ថែមទៀត ដែលមានលក្ខណៈពិសេស។ រាល់ការធ្វើបច្ចុប្បន្នភាពចំពោះសេវាធនាគារចល័ត និងមុខងារផ្សេងៗទៀត ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនៃកិច្ចព្រមព្រៀងនេះ។  ធនាគារ ហ្វីលីព អាចនឹងធ្វើការកែប្រែ ផ្លាស់ប្ដូរ ឬ លុបចោលនូវខចែង និងលក្ខខណ្ឌរបស់កម្មវិធី Phillip Mobile បានគ្រប់ពេល ដោយមិនចាំបាច់ជូនដំណឹង លើកលែងតែ ធនាគារជាតិនៃកម្ពុជា ឬ ច្បាប់តម្រូវ។ 

លោកអ្នកយល់ព្រមអនុវត្តតាមបទប្បញ្ញត្តិថ្មីណាមួយ ដែលតម្រូវដោយរដ្ឋាភិបាល ពាក់ព័ន្ធនឹងសេវាធនាគារ ហើយធនាគារ ហ្វីលីព អាចនឹងធ្វើការជូនដំណឹងអំពីលក្ខខណ្ឌទាំងនោះ ក្នុងករណីដែលធនាគារយល់ឃើញថាមានភាពចាំបាច់។

២.    និយមន័យ

ពាក្យគន្លឹះមួយចំនួនដែលប្រើប្រាស់ នៅក្នុងកិច្ចព្រមព្រៀងនេះ មានអត្ថន័យដូចខាងក្រោម៖ 

“ឧបករណ៍” សំដៅដល់ឧបករណ៍ចល័តជំនួយ រួមមានទូរសព្ទដៃ ឬឧបករណ៍ចល័តដទៃទៀត ដែលអាចបើកដំណើរការតាមគេហទំព័រ និងប្រព័ន្ធដំណើរការសុវត្ថិភាព(SSL)ដែលអាចមានលទ្ធភាពទទួលយកសារនានាជាអក្សរ។

“ធនាគារចល័ត” មានន័យថាសេវាធនាគារដែលអាចដំណើរការបានតាមរយៈទូរសព្ទដៃឆ្លាតវៃ ឬ ឧបករណ៍Tablet។

“Phillip Mobile” មានន័យថា ជាកម្មវិធីដែលលោកអ្នកអាចទាញយកពី Google Play Store ឬ App Store ហើយលោកអ្នកអាចប្រើប្រាស់គណនីដែលបានបើកជាមួយធនាគារ ហ្វីលីព។

“គណនី” សំដៅដល់ គណនីសន្សំ គណនីចរន្ដ គណនីមានកាលកំណត់ ទាំងរូបិយប័ណ្ណជាប្រាក់រៀល និងប្រាក់ដុល្លារ ដែលអាចបើកពីពេលមួយទៅពេលមួយតាមសាខានានារបស់ធនាគារ ហ្វីលីព។

“ម៉ាស្ទ័រកាតនិម្មិត – Virtual Mastercard” មានន័យថា ម៉ាស្ទ័រកាតឥណពន្ធនិម្មិតដែលបង្កើតឡើងតាមយៈកម្មវិធី Phillip Mobile។

“E-Cash” មានន័យថា សេវាដកប្រាក់ដោយមិនប្រើកាតអេធីអឹម នៅតាមម៉ាស៊ីនអេធីអឹម របស់ធនាគារ ហ្វីលីព ដោយប្រើលេខកូដដែលបង្កើតតាមរយៈកម្មវិធី Phillip Mobile។

“ស្គេន QR” មានន័យថា សេវាស្គេនកូដ QR នៅក្នុងកម្មវិធី Phillip Mobile ដែលអនុញ្ញាតឱ្យលោកអ្នកស្គេន និងទូទាត់នៅតាមទីកន្លែងលក់ ដែលជាដៃគូរបស់ ធនាគារ ហ្វីលីព។

“អត្តសញ្ញាណសុវត្ថិភាព” សំដៅដល់ លេខអត្តសញ្ញាណផ្ទាល់ខ្លួន ឬ លេខសម្ងាត់ PIN (លេខសម្ងាត់៤ខ្ទង់) ឬ លេខ OTP (លេខប្រើបានតែមួយដង) លេខកូដ និងនីតិវិធីចូលប្រើប្រាស់ផ្សេងទៀត រួមមាន៖ សេវាផ្ញើសារខ្លីៗ (SMS) សម្រាប់ការចូលប្រើប្រាស់សេវាកម្មនានា នៅក្នុងកម្មវិធី Phillip Mobile ដែលផ្ដល់ដោយ ធនាគារ ហ្វីលីព ពីពេលមួយទៅពេលមួយ។ 

“ឧបករណ៍កំណត់អត្តសញ្ញាណតាមជីវមាត្រ” រួមមានស្នាមម្រាមដៃ ទិន្នន័យផ្ទៃមុខ និងអត្តសញ្ញាណផ្សេងៗទៀត ដែលក្រុមហ៊ុនផលិតឧបករណ៍ចល័តអនុញ្ញាត ឱ្យលោកអ្នក មានសិទ្ធិផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួន ក្នុងគោលបំណងបើកសោឧបករណ៍ចល័តរបស់ពួកគេ និងចូលប្រើប្រាស់កម្មវិធីជាក់លាក់ណាមួយ រួមទាំងកម្មវិធី Phillip Mobile។

“លេខសម្ងាត់” មានន័យថា លេខសម្ងាត់៤ខ្ទង់ (PIN) ប្រើសម្រាប់ចូលក្នុងកម្មវិធី Phillip Mobile និងប្រើសម្រាប់បញ្ជាក់ប្រតិបត្តិការហិរញ្ញវត្ថុណាមួយ។

“ការជូនដំណឹង” សំដៅដល់ ការផ្ញើសារខ្លី (SMS) និងការជូនដំណឹងក្នុងកម្មវិធី App ដែលផ្ញើឱ្យលោកអ្នក ដោយធនាគារ ហ្វីលីព ក្នុងឱកាសផ្សេងៗ ពាក់ព័ន្ធនឹងប្រតិបតិ្តការធនាគារ ឬ ការផ្ដល់ព័ត៌មានទូទៅ ។

“លោកអ្នក” និង “របស់លោកអ្នក” សំដៅលើបុគ្គលដែលមានសិទ្ធិប្រើប្រាស់គណនីរបស់លោកអ្នក ដែលជាបុគ្គលដែលបានស្នើសុំប្រើប្រាស់សេវាធនាគារចល័ត។ 

“យើងខ្ញុំ” “របស់យើងខ្ញុំ” និង “ធនាគារ ហ្វីលីព” សំដៅដល់ ធនាគារ ហ្វីលីព ភីអិលស៊ី។ 

៣.    សេវាកម្មធនាគារចល័ត

៣.១.    ការពណ៌នាអំពី សេវាកម្មនានា

ក.    Phillip Mobile ផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួល និងជាសេវាកម្មបន្ថែម លើសេវាកម្មធនាគាររបស់យើងខ្ញុំ ដោយលោកអ្នកមិនចាំបាច់អញ្ជើញមកការិយាល័យយើងខ្ញុំ។ កម្មវិធីនេះ អនុញ្ញាតឱ្យលោកអ្នកប្រើប្រាស់គណនីដែលមាននៅធនាគារ និងធ្វើប្រតិបតិ្តការធនាគារ តាមរយៈទូរសព្ទដៃឆ្លាតវៃ ឬ ឧបករណ៍ជំនួយ។

ខ.    លក្ខណៈពិសេសរបស់ Phillip Mobile រួមមាន៖

ក. ពិនិត្យមើលសមតុល្យទឹកប្រាក់ 

ខ. ពិនិត្យមើលព័ត៌មានលម្អិត អំពីប្រតិបត្តិការទាំងអស់របស់លោកអ្នក

គ. ទាញយករបាយការណ៍អេឡិចត្រូនិក

ឃ. ទូទាត់វិក្កយបត្រ

ង. ផ្ទេរប្រាក់ក្នុងប្រទេស

ច. បង្កើតម៉ាស្ទ័រកាតឥណពន្ធនិម្មិត 

ឆ. ផ្ញើប្រាក់ទៅកាន់ម៉ាស៊ីន ATM តាមរយៈសេវា E-Cash ។

ជ. ទូទាត់ការទិញទំនិញនៅក្នុងហាង ឬ ទូទាត់ទំនិញតាមអនឡាញ តាមយៈសេវាស្គេន QR កូដ របស់ធនាគារ ហ្វីលីព

៣.២. ការប្រើប្រាស់សេវាកម្មនានា

ក.    លោកអ្នកយល់ព្រមថា ការស្វែងយល់អំពីរបៀបប្រើប្រាស់សេវាធនាគារចល័ត គឺជាការទទួលខុសត្រូវរបស់លោកអ្នក ដោយផ្អែកតាមការណែនំារបស់យើងខ្ញុំ ហើយយល់ព្រមទាក់ទងដោយផ្ទាល់មកកាន់ធនាគារ ហ្វីលីព ប្រសិនបើ លោកអ្នកមានបញ្ហាទាក់ទងនឹងសេវាធនាគារចល័ត។ 

ខ.     ធនាគារ ហ្វីលីព មានឆន្ទានុសិទ្ធិ ក្នុងការកែប្រែសេវាកម្មរបស់ខ្លួន ពីពេលមួយទៅពេលមួយ។ ក្នុងករណីមានការកែប្រែ ឬផ្លាស់ប្ដូរណាមួយកើតឡើង លោកអ្នកត្រូវប្រាកដថា បានយល់អំពីរបៀបប្រើប្រាស់សេវាធនាគារចល័ត ចំពោះចំណុចដែលត្រូវបានកែប្រែ ឬផ្លាស់ប្ដូរថ្មីនោះ។ 

៤.    ការកំណត់សេវាកម្ម និងឯកជនភាព

៤.១.    ការកំណត់ចំនួនប្រតិបត្តិការ

ជាផ្នែកមួយ នៃវិធានការកាត់បន្ថយហានិភ័យ ដែលអាចមានជាប្រចាំ ធនាគារ ហ្វីលីព សូមរក្សាសិទ្ធិក្នុងការកំណត់ និងផ្លាស់ប្ដូរការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការ និងចំនួនប្រតិបត្តិការ ដូចជាការផ្ទេរប្រាក់ និងបញ្ហាផ្សេងៗទៀត បានគ្រប់ពេលដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។

៤.២.    ការកំណត់ការប្រើប្រាស់

ដើម្បីទប់ស្កាត់ ឬ ការពារហានិភ័យណាមួយ ដែលអាចកើតមានឡើង លោកអ្នកមិនត្រូវប្រើប្រាស់កម្មវិធី Phillip Mobile នៅក្នុងស្ថានភាពដូចខាងក្រោម៖

ក.    ប្រព័ន្ធប្រតិបត្តិការនៃឧបករណ៍របស់លោកអ្នកមិនស្ថិតនៅក្នុងសភាពដើម (ត្រូវបានកែច្នៃ ឬមិនបានទិញ ឬបង់ប្រាក់ស្របច្បាប់ក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនោះ)។

ខ.    ឧបករណ៍របស់លោកអ្នកត្រូវបានផលិតសម្រាប់ប្រទេសជាក់លាក់ណាមួយ ដោយកំណត់ជាក់លាក់លើប្រព័ន្ធប្រតិបត្តិការពិសេសណាមួយ ដែលមិនអនុលោមទៅនឹងស្ដង់ដាអន្ដរជាតិ។ 

៤.៣. តំណភ្ជាប់

ធនាគារ ហ្វីលីព នឹងមិនទទួលខុសត្រូវចំពោះភាពមិនពេញលេញ ភាពមិនអាចប្រើប្រាស់បាន ការខកខាន ការរំខាន ការព្យួរ ឬការពន្យារពេលណាមួយ នៅក្នុងកម្មវិធី Phillip Mobile (រួមទាំងការបញ្ជូន ការផ្ដល់សញ្ញារំលឹក ការជូនដំណឹងណាមួយ ការទទួល ឬ ការអនុវត្តនូវការណែនាំណាមួយឡើយ) ដោយសារកត្តាណាមួយ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងសមស្របរបស់ធនាគារ ហ្វីលីព។ សូមមើលចំណុចស្តីពី វិវាទជាមួយពាណិជ្ជករ ឬ អ្នកលក់។ 

៤.៤. តំហែទាំប្រព័ន្ធគ្រប់គ្រងទិន្នន័យ

ក.    ធនាគារ ហ្វីលីព អាចបន្ថែម ឬ ផ្អាកមុខងារណាមួយ ឬ ព្យួរប្រតិបត្តិការកម្មវិធី Phillip Mobile ឬ សេវាកម្មណាមួយរបស់ខ្លួន បានគ្រប់ពេល៖ 

ក.    ក្នុងករណីមានការគម្រាមកំហែងណាមួយបានកើតឡើង ចំពោះប្រព័ន្ធណាមួយពាក់ព័ន្ធនឹងកម្មវិធី Phillip Mobile ឬ ផ្នែកណាមួយនៃប្រព័ន្ធ ដោយផ្អែកតាមការវិនិច្ឆ័យរបស់ធនាគារ ហ្វីលីព ឬ 

ខ.    ដើម្បីអនុវត្តការថែទាំជាប្រចាំ និងកិច្ចការងាររដ្ឋបាល។ 

ខ.    Phillip Mobile ជាកម្មវិធីទូរសព្ទមួយដែលកំពុងបន្តការវិវឌ្ឍន៏កម្មវិធីខ្លួន ហើយបញ្ចេញនូវអ្វីថ្មីៗដើម្បីនាំមកនូវរូបរាង និងការអភិវឌ្ឍន៏ថ្មីៗ ព្រមទាំងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធប្រតិបត្តិការផ្សេងៗរបស់ខ្លួន។ លោកអ្នកត្រូវតែធ្វើបច្ចុប្បន្នភាព និងប្រើប្រាស់ជំនាន់ថ្មីចុងក្រោយនៃការវិវឌ្ឍរបស់ Phillip Mobile។

គ.     ពីពេលមួយទៅពេលមួយធនាគារ ហ្វីលីព អាចតម្រូវឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាពកម្មវិធី Phillip Mobile មកជំនាន់ចុងក្រោយបង្អស់ ដើម្បីសុវត្ថិភាព និងអាចដំណើរការបាន។ លោកអ្នកមិនអាចបន្ដការប្រើប្រាស់កម្មវិធី Phillip Mobile ជំនាន់ចាស់បានទៀតឡើយ ប្រសិនបើលោកអ្នកមិនធ្វើបច្ចុប្បន្នភាពមកជំនាន់ចុងក្រោយបង្អស់របស់វា។

៤.៥. វិវាទជាមួយពាណិជ្ជករ ឬ អ្នកលក់

ធនាគារ ហ្វីលីព មិនទទួលខុសត្រូវ ចំពោះការទិញ ឬការទូទាត់ណាមួយ ដែលបានធ្វើឡើងតាមរយៈការស្គេនកូដ QR  ឬ ជម្រើសទូទាត់ផ្សេងទៀត ដែលបង្ហាញនៅក្នុងកម្មវិធី Phillip Mobile ក្នុងករណីដែល៖ 

ក.    ការមិនអាច ឬ កង្វះខាតក្នុងការផ្គត់ផ្គង់ទំនិញ ឬ សេវាកម្ម

ខ.    លោកអ្នកសម្រេចចិត្តថា លោកអ្នកលែងត្រូវការទំនិញ ឬ សេវាកម្មទំាងនោះ 

រាល់វិវាទខាងលើ ត្រូវដោះស្រាយរវាងលោកអ្នក និងពាណិជ្ជករ ឬ អ្នកលក់ដោយផ្ទាល់។

លោកអ្នកត្រូវទទួលខុសត្រូវ ដោយប្រុងប្រយ័ត្ន និងយល់ដឹងអំពីហានិភ័យនៃការទូទាត់ទំនិញ និងសេវាកម្ម មុនពេលទទួលបានទំនិញ និងសេវាកម្មទាំងនោះ។ លោកអ្នកគួរពិចារណាទៅលើកេរ្ដិ៍ឈ្មោះរបស់បុគ្គល ឬ នីតិបុគ្គល ដែលលោកអ្នកកំពុងធ្វើអាជីវកម្មជាមួយ ជាពិសេសនៅពេលទិញទំនិញ ឬ សេវាកម្មដែលមិនជួបមុខគ្នាផ្ទាល់។ 

ក្នុងករណីដែលលោកអ្នកមានវិវាទជាមួយពាណិជ្ជករ ឬ អ្នកលក់ លោកអ្នកនៅតែត្រូវទូទាត់ចំនួនទឹកប្រាក់ទាំងអស់ ដែលលោកអ្នកជំពាក់យើងខ្ញុំផងដែរ។ 

៤.៦.    លក្ខខណ្ឌឯកជនភាព 

ជាផ្នែកមួយ នៃការបំពេញលក្ខខណ្ឌ តាមគោលការណ៍ស្ដីពីការស្គាល់អតិថិជន (KYC)  ធនាគារ ហ្វីលីព អាចប្រមូលព័ត៌មានផ្ទាល់ខ្លួនពីលោកអ្នក ហើយលោកអ្នកត្រូវធានាថា ព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកបានផ្ដល់ឱ្យតាមរយៈកម្មវិធី Phillip Mobile ពិតប្រាកដ ពេញលេញ និងស្ថិតនៅក្នុងបច្ចុប្បន្នភាព។ ក្រៅពីនេះ លោកអ្នកទទួលស្គាល់ និងយល់ព្រមថា ការមិនផ្ដល់ព័ត៌មានផ្ទាល់ខ្លួនដែលស្ថិតនៅក្នុងបច្ចុប្បន្នភាព តាមការតម្រូវរបស់កម្មវិធី Phillip Mobile និងបណ្ដាលឱ្យមានការពិបាក និងការហាមឃាត់ ក្នុងការចូលប្រើប្រាស់មុខងាររបស់កម្មវិធី Phillip Mobile។

ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលបាន គឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់លោកអ្នក ដែលអាចត្រូវបាន ធនាគារ ហ្វីលីព រក្សាទុក ដើម្បីអនុញ្ញាតឱ្យលោកអ្នកប្រើប្រាស់សេវាកម្មនានា ដែលផ្ដល់ដោយ ធនាគារ ហ្វីលីព

ធនាគារ ហ្វីលីព អាចប្រមូលព័ត៌មានណាមួយ ស្តីអំពីអាកប្បកិរិយាក្នុងការប្រើប្រាស់ ដើម្បីពង្រឹងសុវត្ថិភាព និងការកែលម្អបទពិសោធអ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរឡើង។

ធនាគារ ហ្វីលីព អាចតម្រូវឱ្យបើកដំណើរការតាមដានទីតាំង (Location Tracking) នៅក្នុងទូរសព្ទរបស់លោកអ្នក ដើម្បីឱ្យមុខងារមួយចំនួននៅក្នុង Phillip Mobile អាចដំណើរការបាន។

ធនាគារ ហ្វីលីព អាចចែករំលែកព័ត៌មានអំពីគណនី និងប្រតិបត្តិការរបស់លោកអ្នកទៅតតិយភាគី(ភាគីទី៣) ក្នុងករណី៖

ក.    យល់ព្រមពីលោកអ្នក

ខ.    តម្រូវដោយអាជ្ញាធរមានសមត្ថកិច្ច 

គ.    ក្នុងគោលបំណងសវនកម្ម ឬ

ឃ.    ក្នុងករណីផ្សេងទៀតដែលធនាគារហ្វីលីពយល់ថាសមហេតុផល និងចាំបាច់ ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

លោកអ្នកយល់ព្រម និងឯកភាពថា ធនាគារ ហ្វីលីព អាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ជាមួយតតិយភាគី (ភាគីទីបី) ដើម្បីប្រតិបត្តិតាមកាតព្វកិច្ចផ្លូវច្បាប់ នៅពេល ធនាគារ ហ្វីលីព ជឿជាក់ថាបទប្បញ្ញត្តិជាធរមានតម្រូវនោះ និងតាមសំណើរបស់អាជ្ញាធរពាក់ព័ន្ធ ស្របតាមច្បាប់ជាធរមាន ដើម្បីផ្ទៀងផ្ទាត់ ឬ អនុវត្តសិទ្ធិក្នុងកិច្ចសន្យារបស់យើងខ្ញុំ ឬ គោលនយោបាយជាធរមានផ្សេងទៀត ក្នុងគោលបំណងរកឱ្យឃើញ ដើម្បីទប់ស្កាត់ការក្លែងបន្លំ ឬ ភាពងាយរងគ្រោះផ្នែកបច្ចេកទេស ឬ សុវត្ថិភាពណាមួយ ដើម្បីឆ្លើយតបទៅនឹងភាពអាសន្ន និង/ឬ ដើម្បីឱ្យតតិយភាគី រួមទាំងអ្នកធ្វើការទូទាត់ អាចផ្ដល់សេវាចាំបាច់នានា ក្នុងគោលបំណងឱ្យធនាគារ ហ្វីលីព ផ្ដល់សេវាកម្មណាមួយជាក់លាក់។ ក្នុងករណីមានការបំពាន ឬ ការរំលោភបំពានលើព័ត៌មានណាមួយ របស់លោកអ្នក ដោយតតិយភាគី (ភាគីទីបី) នោះលោកអ្នកយល់ព្រមលើកលែងធនាគារ ហ្វីលីព ពីការទទួលខុសត្រូវណាមួយ ហើយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះតែតតិយភាគីនោះប៉ុណ្ណោះ។ 

៥.    ការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់

លោកអ្នក ធានា និងយល់ព្រមចុះឈ្មោះសម្រាប់កម្មវិធី Phillip Mobile ឬ ប្រើប្រាស់សេវាដូចខាង  ក្រោម៖ 

៥.១. លក្ខខណ្ឌចាំបាច់របស់អ្នកប្រើប្រាស់

ក.    លោកអ្នកត្រូវតែជាម្ចាស់គណនីដែលមាននៅធនាគារហ្វីលីព

ខ.    លោកអ្នកត្រូវមានទូរសព្ទ ឬ ឧបករណ៍ដែលមានលក្ខខណ្ឌពេញលេញ (iOS and Android)

គ.    លោកអ្នកត្រូវមានលេខទូរសព្ទដែលមានសុពលភាព និងកំពុងដំណើរការ

ឃ.    លោកអ្នកបានតំឡើងកម្មវិធី Phillip Mobile នៅលើឧបករណ៍របស់លោកអ្នក ដោយប្រើប្រាស់លេខទូរសព្ទ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន មានសុពលភាពរបស់លោកអ្នក ដែលបានចុះឈ្មោះពេលបើកគណនីជាមួយធនាគារ ហ្វីលីព

ង.    លោកអ្នកទទួលស្គាល់ថា ធនាគារ ហ្វីលីព រក្សាសិទ្ធិក្នុងការអនុញ្ញាតិអោយលេខទូរសព្ទអន្តរជាតិ ដែលមានដូចជាប្រ៊ុយណេដារូសាឡិម កម្ពុជា ឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាមានិតឡាវ ម៉ាឡេស៊ី   មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបូរី ថៃ វៀតណាម និងប្រទេសដទៃទៀត ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាព ក្នុងកម្មវិធី Phillip Mobile។

ច.    លោកអ្នកទទួលស្គាល់ថា ធនាគារ ហ្វីលីព រក្សាសិទ្ធិក្នុងការបដិសេធសំណើសុំបើកដំណើរការកម្មវិធី Phillip Mobile របស់លោកអ្នក ដោយមិនចាំបាច់ផ្ដល់មូលហេតុណាមួយ ក្នុងពេលបើកឱ្យដំណើរការកម្មវិធី។ 

៥.២. ភាពជាម្ចាស់កម្មសិទ្ធិលើគណនី ឬ ព័ត៌មានត្រឹមត្រូវ

ក.    លោកអ្នកធានាថា លោកអ្នក គឺជាម្ចាស់គណនីស្របច្បាប់ និងម្ចាស់ព័ត៌មានហិរញ្ញវត្ថុផ្សេងទៀតដែលត្រូវបានប្រើប្រាស់តាម Phillip Mobile។

ខ.    លោកអ្នកធានា និងយល់ព្រមថា ព័ត៌មានទាំងអស់ដែលផ្ដល់មកយើងខ្ញុំ ទាក់ទងនឹងកម្មវិធី Phillip Mobile គឺមានភាពត្រឹមត្រូវ មានបច្ចុប្បន្នភាព មានភាពគ្រប់គ្រាន់ ហើយលោកអ្នកមានកាតព្វកិច្ចផ្ដល់ព័ត៌មានទាំងនោះមកយើងខ្ញុំ ដើម្បីលោកអ្នកអាចប្រើប្រាស់កម្មវិធី Phillip Mobile បាន។

គ.    លោកអ្នកយល់ព្រមមិនបង្ហាញភាពមិនត្រឹមត្រូវ នូវអត្តសញ្ញាណ និងព័ត៌មានគណនីរបស់លោកអ្នក

ឃ.    លោកអ្នកយល់ព្រមធ្វើបច្ចុប្បន្នភាពព័ត៌មានគណនីរបស់លោកអ្នក ប្រកបដោយភាព ត្រឹមត្រូវ។

ង.    លោកអ្នកធានាថា លោកអ្នក គឺជាអ្នកប្រើប្រាស់ដែលមានសិទ្ធិចូលប្រើប្រាស់ឧបករណ៍សម្រាប់ការប្រើប្រាស់កម្មវិធី Phillip Mobile។

៥.៣. អ្នករួមគណនី (Joint Account(s))

តាមរយៈការដាក់ពាក្យស្នើសុំប្រើប្រាស់សេវា Phillip Mobile របស់យើងខ្ញុំ អ្នករួមគណនីនីមួយៗ ត្រូវបានគិតថាយល់ព្រមដាក់បង្ហាញព័ត៌មានរបស់ខ្លួន មកម្ចាស់គណនីរួមគ្នាផ្សេងទៀត។ 

៥.៤. សុវត្ថិភាព

ការទទួលខុសត្រូវផ្នែកសុវត្ថិភាពរបស់អ្នកប្រើប្រាស់កម្មវិធី Phillip Mobile

លោកអ្នកត្រូវទទួលខុសត្រូវ និងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចូលប្រើប្រាស់ដែលគ្មានការអនុញ្ញាតណាមួយក្នុងកម្មវិធី Phillip Mobile នៅលើទូរសព្ទដៃចល័ត និង/ឬ ឧបករណ៍ដទៃទៀត របស់លោកអ្នក និងត្រូវតែការពារព័ត៌មានផ្ទាល់ខ្លួន និងអត្តសញ្ញាណ    សុវត្ថិភាពនានារបស់លោកអ្នកគ្រប់ពេលវេលា។ ឧទាហរណ៍ លោកអ្នកត្រូវ៖

ក.    ការពារបុគ្គលដទៃ ពីការប្រើប្រាស់អត្តសញ្ញាណសុវត្ថិភាព ក្នុងការចូលប្រើប្រាស់គណនី ឬ កម្មវិធី Phillip Mobile របស់លោកអ្នក នៅលើឧបករណ៍ចល័តរបស់លោកអ្នក។

ខ.    មិនត្រូវអនុញ្ញាតឱ្យបុគ្គលដទៃ ប្រើប្រាស់អត្តសញ្ញាណជីវមាត្ររបស់ពួកគេ នៅលើឧបករណ៍របស់អ្នកឡើយ។

គ.    មិនត្រូវទុកទូរសព្ទរបស់លោកអ្នកចោល និងត្រូវពិនិត្យ នៅពេលមាននរណាម្នាក់កំពុងប្រើប្រាស់ ឬ ខ្ចីទូរសព្ទរបស់លោកអ្នកប្រើប្រាស់។

ឃ.    ត្រូវប្រាកដថា អត្តសញ្ញាណសុវត្ថិភាពរបស់លោកអ្នក (លេខកូដសម្ងាត់ និងលេខកូដប្រើបានមួយដង) ដែលប្រើសម្រាប់ចូលប្រើប្រាស់កម្មវិធី Phillip Mobile នៅតែជាព័ត៌មានសម្ងាត់ ហើយប្រាកដថា លោកអ្នកបាន ការពារអត្តសញ្ញាណទាំងនោះ ដោយមិនបង្ហាញឱ្យនរណាម្នាក់ដឹងឡើយ។ ឧទាហរណ៍ លោកអ្នក៖ មិនត្រូវសរសេរ ឬ រក្សាអត្តសញ្ញាណសុវត្ថិភាពរបស់លោកអ្នកនៅកន្លែងណាមួយ ឬ ជាទម្រង់ណាមួយ ដែលរួមមានក្នុងទម្រង់អេឡិចត្រូនិច ឧទារហរណ៍ ក្នុងទូរសព្ទដៃ ឬ ឧបករណ៍ ដែលអ្នកដទៃងាយមើលឃើញ ឬដឹងឡើយ។

ង.    មិនត្រូវប្រគល់ អត្តសញ្ញាណសុវត្ថិភាពរបស់លោកអ្នក (លេខកូដសម្ងាត់ និងលេខកូដប្រើបានមួយដង) ទៅនរណាម្នាក់ឡើយដែលរួមទាំងមិត្តភក្កិ សាច់ញ្ញាតិ ប៉ូលីស ឬបុគ្គលិកធនាគារ។

ច.    ត្រូវប្រាកដថា គ្មាននរណាម្នាក់អាចប្រើប្រាស់អត្តសញ្ញាណសុវត្ថិភាព របស់លោកអ្នកបានឡើយ។ 

ឧបករណ៍របស់លោកអ្នកត្រូវតែចាក់សោគ្រប់ពេល

មុនពេលលោកអ្នកលក់ ឬ ឱ្យទូរសព្ទដៃរបស់លោកអ្នកទៅនរណាម្នាក់ជារៀងរហូត លោកអ្នកត្រូវលុបកម្មវិធី Phillip Mobile និងឧបករណ៍កំណត់អត្តសញ្ញាណតាមជីវមាត្រទាំងអស់ របស់លោកអ្នក (ឧបករណ៍កំណត់អត្តសញ្ញាណតាមការប៉ះ (Touch ID) ឬ ឧបករណ៍កំណត់អត្តសញ្ញាណតាមផ្ទៃមុខ (Face ID)) ដែលលោកអ្នកបានចុះឈ្មោះនៅក្នុងឧបករណ៍នោះ។

លោកអ្នកត្រូវតែធ្វើបច្ចុប្បន្នភាពភ្លាមៗ និងបន្ដរក្សាការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីសុវត្ថិភាព សម្រាប់ឧបករណ៍ចល័តរបស់លោកអ្នក នៅពេលក្រុមហ៊ុនផលិតឧបករណ៍ ចល័ត ឬ ទូរសព្ទ ឬ ក្រុមហ៊ុនផ្ដល់ប្រព័ន្ធប្រតិបត្តិការឧបករណ៍ចល័ត ឬ ទូរសព្ទដៃទាំងនោះបញ្ចេញកម្មវិធីសុវត្ថិភាពថ្មី។

ការកសាង និងការការពារអត្តសញ្ញាណសុវត្ថិភាពរបស់លោកអ្នក

កម្មវិធី Phillip Mobile និងសេវាកម្មនានា របស់កម្មវិធីនេះ តម្រូវឱ្យប្រើប្រាស់អត្ដសញ្ញាណសុវត្ថិភាព រួមមានលេខកូដសម្ងាត់៦ខ្ទង់ និងប្រើបានតែមួយដង (OTP) ដែលត្រូវបានផ្ញើជូនលោកអ្នកតាមសារខ្លី (SMS) និងលេខកូដសម្ងាត់៤ខ្ទង់ (PIN)។ 

នៅក្នុងអំឡុងពេលបើកដំណើរការកម្មវិធី Phillip Mobile នាពេលដំបូង លោកអ្នកត្រូវបង្កើតលេខកូដសម្ងាត់៤ខ្ទង់ (PIN) ដែលមានសុវត្ថិភាព ដើម្បីចូលប្រើប្រាស់ និងបញ្ជាក់ពីការប្រើប្រាស់កម្មវិធី Phillip Mobile។

លោកអ្នកត្រូវប្រាកដថា លេខកូដសម្ងាត់៤ខ្ទង់ (PIN) របស់លោកអ្នក ត្រូវតែមានសុវត្ថិភាពខ្ពស់ និងមិនត្រូវមានលក្ខណៈដូចខាងក្រោម៖ 

ក.    ថ្ងៃខែឆ្នាំកំណើតរបស់លោកអ្នក

ខ.    លេខរៀងតគ្នា ឬ លេខស្ទួនគ្នា ដែលងាយស្រួលប៉ាន់ស្មាន ឬ ទស្សទាយ (ឧទាហរណ៍ ៣៤៥៦ ឬ ១១១១)

គ.    ជាផ្នែកនៃលេខទូរសព្ទរបស់លោកអ្នក ឬ លេខដទៃទៀតទាក់ទងនឹងលោកអ្នក ដែលងាយស្រួលប៉ាន់ស្មាន ឬ ទស្សទាយ។

ក្រៅពីនេះ លោកអ្នកគួរប្រើប្រាស់លេខកូដផ្សេងៗគ្នា សម្រាប់ចូលប្រើប្រាស់ឧបករណ៍ចល័ត ឬ ទូរសព្ទដៃ ប័ណ្ណផ្សេងៗ កម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក (ecommerce) សេវាធនាគារ ឬ ឧបករណ៍ផ្សេងៗទៀត របស់លោកអ្នក។ ធនាគារ ហ្វីលីព សូមណែនាំឱ្យលោកអ្នកផ្លាស់ប្ដូរលេខសម្ងាត់សុវត្ថិភាព (PIN)  របស់លោកអ្នកឱ្យបានទៀងទាត់។ 

លោកអ្នកមិនត្រូវឱ្យលេខកូដសម្ងាត់៦ខ្ទង់ (OTP)  ទៅនរណាម្នាក់ឡើយ។ បុគ្គលិកធនាគារនឹងមិនអនុញ្ញាតឱ្យស្នើសុំលោកអ្នកនូវលេខកូដសម្ងាត់៦ខ្ទង់ (OTP) នោះជាដាច់ខាត។ លោកអ្នកត្រូវប្រុងប្រយ័ត្នជាមុនអំពី សកម្មភាពបោកបន្លំ ដែលក្នុងនោះ អ្នកបោកបន្លំ អាចតាំងខ្លួនជា បុគ្គលិកធនាគារ រួចជូនដំណឹងទៅលោកអ្នកអំពីការឈ្នះរង្វាន់ ដើម្បីស្នើសុំលោកអ្នកឱ្យផ្ដល់      អត្តសញ្ញាណសុវត្ថិភាព (PIN និង OTP) ។ 

លោកអ្នកត្រូវទាក់ទងមកកាន់ការិយាល័យព័ត៌មានអតិថិជនរបស់យើងខ្ញុំ (Call Centre) ភ្លាមៗ តាមរយៈលេខ (៨៥៥) ៨៦ ៩៣០ ០០០​ / ៨៩ ៩៨៩ ៨១៨ / ៨៨ ៤៦៥ ៩៩៩៩ (២៤/៧) ក្នុងករណីដឹងថា៖

ក.    លេខកូដសម្ងាត់៦ខ្ទង់ (OTP) ឬ លេខកូដសម្ងាត់៤ខ្ទង់ (PIN) របស់លោកអ្នកត្រូវបាននរណាម្នាក់ដឹង ឬ អាចត្រូវបានដឹង ដោយអ្នកផ្សេង

ខ.    ឧបករណ៍ចល័តរបស់លោកអ្នកបានបាត់ ឬ ត្រូវបានចោរលួច

គ.    មាននរណាម្នាក់អាចបើកសោឧបករណ៍ និង/ឬ រក្សាទុកស្នាមម្រាមដៃរបស់ពួកគេ និងឧបករណ៍កំណត់តាមជីវមាត្រដទៃទៀត នៅលើឧបករណ៍របស់លោកអ្នក ប្រសិនបើលោកអ្នកប្រើអត្តសញ្ញាណស្នាមម្រាមដៃប្រើប្រាស់នៅលើកម្មវិធី Phillip Mobile។ 

ឃ.    លោកអ្នក និងទទួលដំណឹង (notification) នូវការចូលប្រើប្រាស់គណនីរបស់លោកអ្នក នៅលើឧបករណ៍ផ្សេងទៀត។ 

៥.៥. ក្រមសីលធម៌របស់អ្នកប្រើប្រាស់

លោកអ្នកយល់ព្រម មិនប្រើប្រាស់កម្មវិធី Phillip Mobile ឬ មាតិកា ឬ ព័ត៌មាន ដែលត្រូវបានចែកចាយតាមកម្មវិធី Phillip Mobile តាមមធ្យោបាយណាមួយដែល៖

ក.    ធ្វើឱ្យប៉ះពាល់ដល់កម្មសិទ្ធិបញ្ញារបស់តតិយភាគី ប៉ាតង់ ម៉ាក ការសម្ងាត់ពាណិជ្ជកម្ម សិទ្ធិផ្ដាច់មុខ ឬ សិទ្ធិឯកជនភាព រួមមានសិទ្ធិលើកម្មវិធីណាមួយ។ 

ខ.    ជាអំពើឆបោក ឬ អំពើជាប់ពាក់ព័ន្ធនឹងការលក់របស់ក្លែងក្លាយ ឬ របស់លួចពីអ្នកដទៃ រួមមានជាអាទិ៍ ការប្រើប្រាស់សេវាធនាគារចល័ត ដើម្បីបោកប្រាស់រូបវន្ដបុគ្គល ឬ នីតិបុគ្គលណាមួយ។

គ.    រំលោភបំពានច្បាប់ លក្ខខន្ដិកៈ បទបញ្ជារ ឬ បទប្បញ្ញតិ្តណាមួយ។

ឃ.    បង្កកំហុស បំភាន់បន្លំ ឬ ភាពមិនត្រឹមត្រូវណាមួយ។

ង.    ប្រឌិតការទទួលខុសត្រូវមកលើ ធនាគារ ហ្វីលីព ឬ ក្រុមហ៊ុនបុត្តសម្ព័ន្តរបស់ ធនាគារ ហ្វីលីព ឬ អ្នកផ្ដល់សេវាកម្មនានាផ្សេងទៀត ឬ នាំឱ្យ ធនាគារ ហ្វីលីព បាត់បង់សេវាកម្មណាមួយដែលផ្តល់ដោយដៃគូផ្ដល់សេវាកម្មរបស់ ធនាគារ ហ្វីលីព។ 

ច.    បរិហារកេរ្ដិ៍័ ការគម្រាមកំហែងពាណិជ្ជកម្ម ការរំលោភបំពានដោយខុសច្បាប់ ឬ ការបង្កើតសេចក្ដីថ្លែងការរំខានដោយខុសច្បាប់។

ឆ.    ជាអំពើណាមួយដែលត្រូវបានគេយល់ថាខុសច្បាប់ ការវាយប្រហារ ឬ ការបដិសេធ។

ជ.    ជ្រៀតជ្រែក ឬការបង្កការរំខានដល់ប្រព័ន្ធកុំព្យូទ័រដែលទាក់ទងនឹងកម្មវិធី Phillip Mobile។

ឈ.    ជ្រៀតជ្រែក ឬការបង្កការរំខានដល់ការប្រើប្រាស់កម្មវិធី Phillip Mobileដោយអ្នកប្រើប្រាស់ណាមួយផ្សេងទៀត។

ញ.    ប្រើកម្មវិធី Phillip Mobile ដើម្បីចូលដោយគ្មានការអនុញ្ញាត ឬចូលប្រើប្រព័ន្ធកុំព្យូទ័ររបស់អ្នកដទៃផ្សេងទៀត។ 

៥.៦. មិនអនុញ្ញាតឱ្យប្រើប្រាស់ក្រោមរូបភាព ជាអាជីវកម្ម ឬ ការលក់បន្ដ

ក.    លោកអ្នកយល់ព្រមថា សេវាកម្មនេះ សម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួន ឬ អាជីវកម្មរបស់បុគ្គលដែលទទួលបានការអនុញ្ញាតឱ្យចូលមើលព័ត៌មានគណនីរបស់លោកអ្នកតែប៉ុណ្ណោះ។

ខ.    លោកអ្នកយល់ព្រមថា មិនប្រើកម្មវិធី Phillip Mobile ធ្វើពាណិជ្ជកម្មណាមួយ ឬ លក់បន្ដ ឬ ជួលបន្ដ ឬ ជាបណ្តាញចែកចាយសម្រាប់កម្មវិធី Phillip Mobile នោះឡើយ។ 

៥.៧. ការសងសំណង

ក.   លុះត្រា តែការប្រព្រឹត្តកំហុសដោយចេតនា ឬ ការធ្វេសប្រហែសរបស់យើងខ្ញុំ លោកអ្នកយល់ព្រមសងជំងឺចិត្ត ការពារ និងមិនបង្កអន្តរាយដល់ ធនាគារ ហ្វីលីព បុត្តសម្ព័ន្ត របស់ធនាគារ ហ្វីលីព អភិបាល បុគ្គលិក អ្នកពិគ្រោះយោបល់ ភ្នាក់ងារផ្ដល់សេវា និងអ្នកផ្តល់ អាជ្ញាប័ណ្ណនានា ពីការទាមទាររបស់តតិយភាគី ការទទួលខុសត្រូវលើការខូចខាត ការចំណាយ និងថ្លៃដើម (រួមមានជាអាទិ៍ ថ្លៃឈ្នួលមេធាវី) ដែលបណ្តាលមកពី ឬ កើតឡើងពី៖

ក.    ការទាមទាររបស់តតិយភាគី វិវាទ បណ្ដឹង ឬ ការចោទប្រកាន់ ពីការរំលោភបំពាន ការប្រើប្រាស់ខុសដោយផ្អែកលើព័ត៌មានទិន្នន័យ ឯកសារ ឬ បើមិនដូច្នេះទេ ជាប់ពាក់ព័ន្ធនឹងសេវាកម្ម។

ខ.    ការរំលោភបំពានច្បាប់របស់លោកអ្នក ឬ សិទ្ធិរបស់តតិយភាគី ឬ

គ.    ការប្រើប្រាស់របស់លោកអ្នក ឬ ការប្រើប្រាស់កម្មវិធី Phillip Mobile របស់លោកអ្នក ដោយតតិយភាគីណាម្នាក់

ខ.   ចំពោះវិវាទ ទាក់ទងនឹងការផ្ទេរខុសគណនី ប្រសិនបើធនាគារ ហ្វីលីព មិនអាចទាក់ទងទៅគណនីទទួលផលចុងក្រោយបាន ឬគណនីទទួលផលចុងក្រោយផ្ញើទឹកប្រាក់ត្រឡប់មកវិញ នោះធនាគារ ហ្វីលីព មានសិទ្ធិបង្កកចំនួនទឹកប្រាក់ ក្នុងរយៈពេលជាក់លាក់ណាមួយហើយធនាគារ ហ្វីលីព នឹងផ្ទេរទឹកប្រាក់នោះ ត្រឡប់ទៅម្ចាស់គណនីវិញ ប្រសិនបើមិនមានការឆ្លើយតបពីអ្នកទទួលផលចុងក្រោយ។ 

៦.  កាតព្វកិច្ចរបស់លោកអ្នក

ក.    លោកអ្នកមិនត្រូវប្រើកម្មវិធី Phillip Mobile សម្រាប់គោលបំណងណាមួយ ក្រៅពីការសាកសួរ ឬប្រតិបត្តិការធនាគារដោយស្របច្បាប់ លើគណនីដែលលោកអ្នកមានសិទ្ធិធ្វើប្រតិបត្តិការស្របតាមលក្ខខណ្ឌនោះឡើយ។

ខ.    លោកអ្នកមិនត្រូវប្រើកម្មវិធី Phillip Mobile សម្រាប់សកម្មភាពអាជីវកម្មដែលហាមឃាត់ឡើយ។

គ.    លោកអ្នកទទួលស្គាល់ថា លោកអ្នកទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាព័ត៌មានដែលលោកអ្នកផ្ដល់តាមរយៈកម្មវិធី Phillip Mobile ពិតប្រាកដ ពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។

ឃ.    លោកអ្នកនឹងទទួលខុសត្រូវ ចំពោះការបាត់បង់ណាមួយ ដោយសារតែអ្នកបានបង្កផលប៉ះពាល់ដល់ ធនាគារ ហ្វីលីព (រួមទាំងការខូចខាត) ដែលបណ្តាលមកពីការលួចបន្លំ ឬ ការធ្វេសប្រហែសរបស់លោកអ្នក។ លោកអ្នកក៏នឹងទទួលខុសត្រូវ ចំពោះការបាត់បង់ណាមួយ ដែលធ្វើឡើងដោយធនាគារ ហ្វីលីព គឺបណ្តាលមកពីការចូលប្រើប្រាស់ ឬ ប្រើប្រាស់សេវាកម្មណាមួយដែលមិនមានការអនុញ្ញាត នៅក្នុងកម្មវិធី Phillip Mobile និងដោយសារតែលោកអ្នកបានរួមចំណែក(បង្កកំហុស)ការមិនអនុវត្តតាមសេចក្តីណែនាំ។ នេះរួមបញ្ចូលទាំងករណីដែលលោកអ្នក៖

ក.    ជ្រើសរើសលេខកូដសម្ងាត់ (PIN) ដែលមិនសមស្រប។

ខ.    ខកខានក្នុងការការពារលេខសម្ងាត់ (PIN) របស់លោកអ្នកឱ្យបានត្រឹមត្រូវ។

គ.    ខកខានក្នុងការផ្អាក ការផ្ទៀងផ្ទាត់តាមជីវមាត្រនៅលើកម្មវិធី Phillip Mobile នៅពេលលោកអ្នកដឹង ឬ សង្ស័យថា មានអ្នកផ្សេងទៀត អាចបើកសោឧបករណ៍ចល័តរបស់លោកអ្នក ឬ បានរក្សាទុកឧបករណ៍កំណត់អត្តសញ្ញាណតាមជីវមាត្ររបស់ពួកគេ នៅលើឧបករណ៍ចល័តរបស់លោកអ្នក។

ឃ.    ខកខាន ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានដែលលោកអ្នកបានទទួល មុនពេលបញ្ចប់ការផ្ទេរប្រាក់ ឬ ការទូទាត់ណាមួយ ដែលនាំឱ្យមានការបាត់បង់ដោយផ្ទាល់ ឬ ដោយប្រយោល។ ឬ

ង.    លោកអ្នកពន្យារពេល ជូនដំណឹងមកយើងខ្ញុំ ដោយមិនសមហេតុផលអំពី៖ (១) ការបាត់បង់ ឬចោរលួចទូរសព្ទ ឬ ឧបករណ៍ ឬ អត្តសញ្ញាណសុវត្ថិភាពរបស់លោកអ្នក។ (២) មានការសង្ស័យ ឬ បានឃើញជាក់ស្ដែងថាបុគ្គលណាមួយបានដឹងពីលេខកូដសម្ងាត់ (PIN) របស់លោកអ្នក។ (៣) នៅពេលដែលលោកអ្នកដឹង ឬ សង្ស័យថា មាននរណាម្នាក់ទៀត អាចបើកសោរឧបករណ៍ចល័តរបស់លោកអ្នកនិង / ឬរក្សាទុកឧបករណ៍កំណត់អត្តសញ្ញាណតាមជីវមាត្រ នៅលើឧបករណ៍ចល័តរបស់លោកអ្នក ប្រសិនបើលោកអ្នកប្រើអត្តសញ្ញាណតាម       ជីវមាត្រ នៅក្នុងកម្មវិធី Phillip Mobile ឬ (៤) លោកអ្នកសង្ស័យថា មានការចូលប្រើ ឬ មានសកម្មភាព ដោយគ្មានការអនុញ្ញាតពីលោកអ្នកតាមកម្មវិធី Phillip Mobile ។

៧.     ទំនួលខុសត្រូវរបស់ធនាគារ ហ្វីលីព

ក.     ធនាគារ ហ្វីលីព មិនទទួលខុសត្រូវ ចំពោះភាពមិនត្រឹមត្រូវ ឬ ភាពមិនពេញលេញនៃទិន្នន័យ ឬ អំពើពុករលួយ ការលុបចោល ឬការបាត់បង់ទិន្នន័យ ដោយសារកំហុស ការខកខាន ឬ ដំណើរការមិនត្រឹមត្រូវ នៃឧបករណ៍របស់លោកអ្នកឡើយ។

ខ.      ធនាគារ ហ្វីលីព សូមរក្សាសិទ្ធិ ក្នុងការកែប្រែលក្ខខណ្ឌទាំងនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។ យើងខ្ញុំនឹងមិនទទួលខុសត្រូវ ចំពោះការបាត់បង់ណាមួយ ប្រសិនបើ លោកអ្នកមិនគោរពតាមលក្ខខណ្ឌសុវត្ថិភាពទាំងនេះ។

គ.    ធនាគារ ហ្វីលីព មានសិទ្ធិបង្ហាញព័ត៌មានណាមួយរបស់លោកអ្នក ទៅកាន់បុគ្គលណាម្នាក់ ឬ    អាជ្ញាធរដែលមានសមត្ថកិច្ចស្របតាមតម្រូវការ នៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬ ទៅកាន់បុគ្គលផ្សេងទៀត ដែលយើងខ្ញុំគិតថាចាំបាច់ត្រូវដឹង។

៨.     កម្រៃសេវា

ក.     កម្មវិធី Phillip Mobile អាចប្រើប្រាស់បានដោយឥតគិតថ្លៃ។ ប៉ុន្ដែ កម្រៃសេវាអាចត្រូវបានគិត នៅពេលដែលលោកអ្នកធ្វើប្រតិបត្តិការ ឬ ប្រើប្រាស់ផលិតផល ឬ សេវាកម្មណាមួយ នៅក្នុងកម្មវិធី Phillip Mobile នោះ ស្របតាមលក្ខខណ្ឌបច្ចុប្បន្ន។

ខ.     ធនាគារ ហ្វីលីព អាចគិតកម្រៃសេវាបន្ថែម ចំពោះការប្រើប្រាស់កម្មវិធី Phillip Mobile របស់លោកអ្នកនៅពេលណាមួយ ហើយធនាគារ ហ្វីលីព ក៏អាចផ្លាស់ប្តូរកម្រៃសេវាទាំងនោះផងដែរ។

៩.     ច្បាប់គ្រប់គ្រង

ខចែង និងលក្ខខណ្ឌទាំងនេះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង នៃច្បាប់របស់ប្រទេសកម្ពុជា។

១០.     ការប្រកាសអះអាងរបស់អ្នកប្រើប្រាស់

ខ្ញុំបាទ/នាងខ្ញុំបានអាន និងយល់ព្រម តាមលក្ខខណ្ឌទាំងអស់នេះ។

១១.     ព័ត៌មានបន្ថែម

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Phillip Mobile សូមទាក់ទងមកធនាគារ ហ្វីលីព តាមរយៈ៖ info@phillipbank.com.kh ឬ លេខទូរសព្ទ របស់ធនាគារ ហ្វីលីព៖ (៨៥៥) ៨៦ ៩៣០ ០០០​ / ៨៩ ៩៨៩ ៨១៨ / ៨៨ ៤៦៥ ៩៩៩៩ (២៤/៧)។