ខ្ញុំបាទឈ្មោះ ផៃ បញ្ញា
ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាលា CamEd ក្នុងឆ្នាំ 2017 ហើយក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) ក្នុងឆ្នាំ 2022។ នៅឆ្នាំ 2016 ធនាគារ Phillip បានផ្តល់ឱកាសឱ្យខ្ញុំចូលរួមក្នុងកម្មវិធី Management Trainee Program ហើយបន្ទាប់មកទៀត ខ្ញុំក៏បានសម្រេចចិត្តបន្ត និងចាប់ផ្តើមអាជីពរការងារបស់ខ្ញុំជាមួយធនាគារ Phillip រហូតមកដល់សព្វថ្ងៃ។ អំឡុងពេលនោះ ខ្ញុំបានទទួលបទពិសោធន៍ និងចំណេះដឹងជាច្រើន តាមរយៈកម្មវិធីដ៏ល្អមួយនេះ។ ខ្ញុំពិតជាពេញចិត្តនឹងការផ្លាស់ប្តូរការងារពីនាយកដ្ឋានមួយ ទៅនាយកដ្ឋានមួយទៀត ដើម្បីអាចស្វែងយល់ពីដំណើរការ ការងាររបស់ធនាគារទាំងមូល។ មកដល់ពេលនេះ ខ្ញុំមានតួនាទីជា ប្រធានផ្នែកទំនាក់ទំនងជាន់ខ្ពស់នៃនាយកដ្ឋានធនាគារសាជីវកម្ម។ ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ការរួមបញ្ចូលបទពិសោធន៍បច្ចុប្បន្នរបស់ខ្ញុំ នៅក្នុងធនាគារ Phillip អនុញ្ញាតឱ្យអាជីពការងាររបស់ខ្ញុំនឹងឈានដល់ចំណុចកំពូលនៅថ្ងៃអនាគតបាន។
នាងខ្ញុំឈ្មោះ ថាន់ សុធា
ខ្ញុំជានិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា មុខជំនាញហិរញ្ញវត្ថុ និងធនាគារហើយបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៨។ ក្នុងខែតុលា ឆ្នាំ២០១៦ ខ្ញុំបានចូលរួមកម្មវិធីបណ្តុះបណ្តាល Management Trainee ជាមួយធនាគារ ហ្វីលីព។ ខ្ញុំបានចូលរួមហាត់ការ នៅប្រាំផ្នែកនៃធនាគារ រួមមាន Credit Risk Management, Credit Admin, Lending Specialist, Financial Advisor, និងBanking Operation។ បន្ទាប់មក នៅក្នុងខែតុលា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំបានផ្តល់ឱកាសឱ្យខ្ញុំធ្វើការក្នុងមុខដំណែងជា Credit Evaluation Officer នៅក្នុងនាយកដ្ឋាន Credit Risk Management ។ ខ្ញុំមានអារម្មណ៍រីករាយ ដោយបានទទួលការគាំទ្រពីថ្នាក់ដឹកនាំ ដែលមានចិត្តល្អ ព្រមទាំងមានចំណេះដឹងខ្ពស់។ ពួកគាត់មិនត្រឹមតែបានបង្រៀនខ្ញុំ នូវជំនាញវាយតម្លៃឥណទាន និងការគិតវិនិច្ឆ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្រៀនខ្ញុំលើការគិតគូរពីអាជីពការងារផងដែរ។ ខ្ញុំអាចនិយាយបានថា នាយកដ្ឋាន Credit Risk Management នៅធនាគារ ហ្វីលីព គឺជាកន្លែងដ៏ល្អនៃស្មារតីក្រុម និងពោរពេញទៅដោយការចែករំលែកចំណេះដឹង។ អ្វីដែលពិសេសនោះ គឺអ្នកគ្រប់គ្នាមានឱកាសបង្កើនជំនាញរបស់ខ្លួន ដោយសារមានអ្វីថ្មីៗជាច្រើនដែលត្រូវរៀន។ ខ្ញុំពិតជាស្រលាញ់មុខដំណែងរបស់ខ្ញុំណាស់៕
ខ្ញុំបាទឈ្មោះ គិត សុវណ្ណសិលា
ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាលា Cam-Ed Business School។
ខ្ញុំបានចូលរៀនកម្មវិធី Management Trainee នៅធនាគារ ហ្វីលីព អស់រយៈពេល៩ខែ។ ក្នុងអំឡុងពេលហ្វឹកហាត់ ខ្ញុំបានរៀនច្រើនជាងអ្វីដែលខ្ញុំគិតទៅទៀត។ រហូតមកដល់ពេលនេះ ខ្ញុំទទួលបានជំនាញជាច្រើន ខណៈពេលដែលធ្វើការហាត់ការងារនៅក្នុងនាយកដ្ឋាននីមួយៗ។ ការងារទាំងនេះ បានជួយខ្ញុំឱ្យសម្របខ្លួនទៅនឹងភាពខុសគ្នានៃវប្បធម៌ បែបបទការងារ ការផ្លាស់ប្តូរបរិយាកាស និងជំនាញថ្មីៗជាមួយនឹងការអភិវឌ្ឍខ្លួន។ ដោយមានការគាំទ្រពីក្រុមការងារ និងអ្នកណែនាំទាំងអស់ ខ្ញុំបានបង្កើនសក្តានុពលនៃការអភិវឌ្ឍខ្លួននៅក្នុងធនាគារ។ ជាចុងក្រោយ កម្មវិធីនេះបានណែនាំខ្ញុំឱ្យមើលឃើញពីចំនុចខ្លាំងរបស់ខ្ញុំ ដែលជាជំនាញទំនាក់ទំនង រហូតដល់ខ្ញុំត្រូវបានតែងតាំងជា Chairman of Recreational Team នៅក្នុងធនាគារ។ ខ្ញុំសូមណែនាំឱ្យអ្នកទាំងអស់គ្នាសាកល្បង កម្មវិធី Management Trainee នៅធនាគារ ហ្វីលីព ពីព្រោះវានឹងជួយអ្នកឱ្យមានការពង្រឹងជំនាញរបស់អ្នកតាមរយៈការងារជាក្រុម ចែករំលែកបទពិសោធន៍ ការគោរពគ្នាទៅវិញទៅមក និងតែងតែទទួលបានការលើកទឹកចិត្តពីក្រុមការងារនៅពេលសំរេចសមិទ្ធិផលមួយ។ ខ្ញុំតែងតែចែករំលែកបទពិសោធន៍ល្អៗ នៅពេលដែលយើងជ្រើសរើសបុគ្គលិកហាត់ការ ឬManagement Trainee។ ជាលទ្ធផល ខ្ញុំត្រូវបានឡើងដំណែងជា Supervisor, Marketing Communications។ ខ្ញុំមានការរំភើបចិត្តណាស់ដែលខ្ញុំមានការរីកចម្រើន និងឈានទៅមុខយ៉ាងលឿនជាមួយធនាគារ ហ្វីលីព។
ខ្ញុំបាទឈ្មោះ ប៉ាក សំណាង
ខ្ញុំជាអតីតនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងវិទ្យាស្ថានភាសាបរទេស (IFL) ជំនាញ Business Management និង English Literacy។
វាជាមោទនភាពមួយសម្រាប់ខ្ញុំដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលManagement Trainee របស់ធនាគារ ហ្វីលីព ក្នុងឆ្នាំ២០១៧។ វាគឺជាកម្មវិធីដែលបង្កើតឡើងសម្រាប់និស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗ ដើម្បីស្វែងរកឱកាសការងារក្នុងវិស័យធនាគារ។ នៅក្នុងកំពុងពេលបំពេញការងារក្នុងកម្មវិធីនេះ ខ្ញុំត្រូវបានចាត់តាំង និងដាក់ឱ្យសាកល្បងការងារឱ្យនៅក្នុង នាយកដ្ឋានផ្សេងៗគ្នាជាច្រើននៅក្នុងធនាគារ រួមមាន Operations, Loan, Credit Administration, Risk Department និងផ្នែកមួយចំនួនទៀត។ ថ្វីត្បិតតែកម្មវិធីរយៈនេះពេលមួយឆ្នាំ ខ្ញុំបានទទួលដំណែងជា Credit Review Officer នៅសាខានរោត្តម បន្ទាប់បានចូលរួមក្នុងកម្មវិធីនេះអស់រយៈពេល៦ខែ។ បច្ចុប្បន្នខ្ញុំមានមុខតំណែងជាSenior Mortgage Lending Specialist ប្រចាំសាខាទឹកថ្លា។ ខ្ញុំជឿជាក់ថា កម្មវិធី Management Trainee ណៃធនាគារ ហ្វីលីព គឺជាកម្មវិធីពិសេស និងសំខាន់មែនទែន ព្រោះកម្មវិធីនេះបានអនុញ្ញាតឱ្យបេក្ខជនមានភាពស៊ាំនឹងដំណើរការងារនៅក្នុងវិស័យធនាគារ ដើម្បីឱ្យពួកគេអាចជ្រើសរើសតំណែងណាមួយដែលពួកគេចូលចិត្ត ហើយសាកសមនឹងពួកគេបំផុត។ សម្រាប់ខ្ញុំវិញ វាជួយខ្ញុំឱ្យឈានទៅស្វែងយល់ពីសក្តានុពលរបស់ខ្ញុំ មុននឹងធ្វើការសម្រេចចិត្តលើជំនាញការងារដែលខ្ញុំពេញចិត្ត ហើយខ្ញុំបានស្គាល់បុគ្គលិកជាច្រើននៅក្នុងធនាគារ ហ្វីលីព តាមរយៈកម្មវិធីនេះ។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មវិធីដ៏មានអត្ថប្រយោជន៍នេះ ហើយខ្ញុំសូមធ្វើការណែនាំកម្មវិធីនេះ សម្រាប់អ្នកដែលមានទេពកោសល្យហើយមានបំណងចង់ស្វែងរកជំនាញរបស់ខ្លួន និងឱកាសធ្វើការងារក្នុងវិស័យធនាគារ។
នាងខ្ញុំឈ្មោះ វ៉ា ស៊ីណាត
ខ្ញុំបានបញ្ចប់ការសិក្សានៅ Cambodia International Corporation Institute ជំនាញអក្សរសាស្ត្រអង់គ្លេស (English Literature)។ វាជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការចូលរួមកម្មវិធី Management Trainee នៅធនាគារ ហ្វីលីព។ ខ្ញុំបានចូលរួមជា Management Traineeជាមួយធនាគារ ហ្វីលីព អស់រយៈពេល ៩ ខែហើយខ្ញុំបានចូលរួមជាមួយនាយកដ្ឋានចំនួនពីរ ដើម្បីទទួលការបណ្តុះបណ្តាលើឯកទេសផ្តល់ប្រាក់កម្ចីនៅសាខានរោត្តម និងជំនាញវាយតម្លៃ នៅ Retail Loan Center។ វាជាពេលវេលាដ៏អស្ចារ្យសម្រាប់ខ្ញុំក្នុងការរៀន អភិវឌ្ឍសមត្ថភាព និងបង្កើនចំណេះដឹងរបស់ខ្ញុំជាមួយនឹងជំនាញក្នុងវិស័យធនាគារ។ ខណៈពេលដែលខ្ញុំកំពុងបណ្តុះបណ្តាល ខ្ញុំបានដឹងពីរបៀបដាក់សំណើរកម្ចី ដំណើរការឯកសារច្បាប់ ការវាយតម្លៃប្រាក់កម្ចី និងត្រួតពិនិត្យឯកសារកម្ចីជាមួយនឹងរបាយការណ៍ប្រចាំខែ។ ជាចុងក្រោយ ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយរំភើបយ៉ាងខ្លាំងដែលត្រូវបានជ្រើសរើសជាបុគ្គលិកពេញសិទ្ធិជាមួយធនាគារ ហ្វីលីព ហើយខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការដោយស្មោះត្រង់ និងវៃឆ្លាតក្នុងតួនាទីរបស់ខ្ញុំ។
នាងខ្ញុំឈ្មោះ ហុង សាន់និច
ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ ហិរញ្ញវត្ថុ និង ធនាគារ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE))។ ខ្ញុំបានចូលរួមនៅក្នុងកម្មវិធី Management Trainee នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ និងបានចំណាយពេល ៦ខែ នៅក្នុង Retail Loan Center និង Credit Risk Management។ ខណៈពេលដែលខ្ញុំបានផ្លាស់ប្តូរពីនាយកដ្ឋានមួយទៅនាយកដ្ឋានមួយទៀត ខ្ញុំបានសង្កេតឃើញថា ជំនាញ ចំណេះដឹង ការទំនាក់ទំនង និងការធ្វើការងារជាក្រុមរបស់ខ្ញុំមានភាពប្រសើរឡើង។ អត្ថប្រយោជន៍របស់វគ្គបណ្តុះបណ្តាលនេះគឺ ធ្វើឱ្យការងារមានភាពប្រសើរឡើង ដែលនាំឱ្យប្រតិបត្តិការការងារមានភាពងាយស្រួល និងរហ័សជាងមុនពីនាយកដ្ឋានមួយទៅនាយកដ្ឋានមួយទៀត។ ខ្ញុំបានទទួលការគាំទ្រ លើកទឹកចិត្ត និងការចែករំលែកជាច្រើនពីបុគ្គលិករួមការងារ ក៏ដូចជាអ្នកគ្រប់គ្រង បើទោះបីជាខ្ញុំមិនមានឱកាសបានចូលរួមជាមួយនាយកដ្ឋានផ្សេងៗទៀត។ សព្វថ្ងៃនេះ ខ្ញុំមានដំណែងជា Supervisor, Credit Risk Management។
នាងខ្ញុំឈ្មោះ ស៊ន ចាន់ថន
ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ ធនាគារ និង ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) និងជំនាញភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស (IFL)។ នៅក្នុងឆ្នាំ ២០១៩ ខ្ញុំបានចំណាយពេលជាង ១០ ខែចូលរួមក្នុងកម្មវិធី Management Trainee របស់ធនាគារ ហ្វីលីព។ ខ្ញុំបានធ្វើការងារផ្នែក Retail Loan, Lending Specialist Team, Credit Admin, Credit Risk និង Operation។ នៅតាមនាយកដ្ឋាននីមួយៗ បុគ្គលិកនៅទីនោះមានទឹកចិត្តល្អ និងចេះជួយគ្នាទៅវិញទៅមក ដែលសកម្មភាពទាំងនេះ បានអនុញ្ញាតឱ្យខ្ញុំទទួលបាននូវចំណេះដឹងជាច្រើន។ បុគ្គលិកទាំងនោះ បានបង្រៀនខ្ញុំពីដំណើរការបែបបទនៃការងារ ហើយណែនាំខ្ញុំឱ្យធ្វើកិច្ចការទាំងនោះ ដែលធ្វើអោយការប្រាស្រ័យទាក់ទង ការធ្វើការងារជាក្រុម និងចំណេះដឹងរបស់ខ្ញុំមានភាពប្រសើរឡើង។ វាគឺជាឱកាសដ៏ល្អមួយ ដែលខ្ញុំត្រូវបានជ្រើសរើសឱ្យចូលរួមកម្មវិធី Management Trainee របស់ធនាគារ ហ្វីលីព ហើយខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការទទួលបានឱកាសក្លាយខ្លូនជាបុគ្គលិករបស់ធនាគារ ដើម្បីអភិវឌ្ឍវិថីការងាររបស់ខ្ញុំ នាពេលអនាគត។ បច្ចុប្បន្ន ខ្ញុំមានដំណែងជា Supervisor, Credit Risk Management។
នាងខ្ញុំឈ្មោះ លី យូស៊ីម
ខ្ញុំនឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) ក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនោះ ខ្ញុំនឹងក្លាយជានិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី ៤ ផ្នែកអក្សរសាស្ត្រអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស។ ខ្ញុំបានកត់ចំណាំអំពីកម្មវិធី Management Trainee នៅពេលកំពុងស្វែងរកឲកាសការងារ ហើយកម្មវិធី Management Trainee របស់ធនាគារ ហ្វីលីព បានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ ដោយសារលក្ខណៈពិសេសរបស់កម្មវិធីនេះ។ ខ្ញុំតែងតែចង់សិក្សាស្វែងយល់អំពីប្រព័ន្ធធនាគារ និងតួនាទីដ៏ពិសេសរបស់ធនាគារក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុ។ កម្មវិធីនេះ គឺជាឱកាសដ៏កម្រមួយ ក្នុងការទទួលបានចំណេះដឹងដែលមិនអាចកាត់ថ្លៃបាន ជាមួយបទពិសោធន៍ដែលមិនងាយ ជួបប្រទះពីអ្នកណែនាំ និងបុគ្គលិកនៅក្នុងនាយកដ្ឋានផ្សេងៗគ្នា។ លើសពីនេះទៀត ការផ្លាស់ប្តូរទៅនាយកដ្ឋានផ្សេងៗ ផ្តល់ឱ្យខ្ញុំនូវចំណេះដឹង និងជំនាញចាំបាច់ ដើម្បីចូលរួមចំណែកនៅក្នុងការរីកចម្រើនរបស់ធនាគារ ក៏ដូចជាធ្វើឱ្យខ្ញុំរកឃើញសក្តានុពលរបស់ខ្លួន ហើយបង្កើនសមត្ថភាពលើអាជីពការងារនៅក្នុងវិស័យធនាគារ។
ខ្ញុំបាទឈ្មោះ សាន ភូឡុង
ខ្ញុំបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានភាសាបរទេស (IFL) បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេស ព្រមទាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បរិញ្ញាបត្រព័ត៌មានវិទ្យា(IT) ។ ខ្ញុំបានស្គាល់កម្មវិធី Management Trainee តាមរយៈគេហទំព័រ CamHR.com ។ ដោយសារចង់ដឹងបន្ថែមអំពីមុខតំណែងនេះ ខ្ញុំក៏បានតាមដានព័តឥមានបន្ថែមអំពីកម្មវិធីនេះនៅលើគេហទំព័ររបស់ធនាគារ ហ្វីលីព។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីManagement Trainee ព្រោះវាជាមុខតំណែងពិសេសមួយ និងជាឱកាសដ៏ល្អសម្រាប់ខ្ញុំ។ ខ្ញុំតែងតែចង់រៀន និងទទួលយកបទពិសោធន៍ការងារនៅក្នុងប្រព័ន្ធធនាគារដែលមានភាពស្មុគស្មាញ តែគួរឱ្យចាប់អារម្មណ៍។ កម្មវិធី Management Trainee មិនត្រឹមតែផ្តល់លទ្ធភាពដល់ខ្ញុំក្នុងការទទួលបានបទពិសោធន៍ហាត់ការដំបូងក្នុងវិស័យធនាគារប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសឱ្យខ្ញុំទទួលបានចំណេះដឹង និងជំនាញពីនាយកដ្ឋានផ្សេងៗ ហើយវាអាចជួយឱ្យខ្ញុំឈានមុខគេ នៅលើអាជីពក្នុងវិស័យធនាគារ។ ជាងនេះទៅទៀត នៅពេលធ្វើការហាត់ការនៅក្នុងនាយកដ្ឋានផ្សេងៗ ខ្ញុំក៏អាចរកឃើញនូវទេពកោសល្យ និងភាពខ្លាំងរបស់ខ្ញុំនៅក្នុងនាយកដ្ឋានជាក់លាក់ផងដែរ។ ដូចនេះ ការងារនឹងជំរុញឱ្យខ្ញុំធ្វើការអភិវឌ្ឍខ្លួនខ្ញុំយ៉ាងឆាប់រហ័សដើម្បីក្លាយជាបុគ្គលដ៏ល្អមួយក្នុងសង្គមហើយមានភាពប្រសើរឡើងនាពេលអនាគតផងដែរ។
នាងខ្ញុំឈ្មោះ ប្រាក់ ដាវីន
ខ្ញុំនឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនាចុងឆ្នាំ២០២៣នេះ។
បច្ចុប្បន្នខ្ញុំគឺជា Management trainee ម្នាក់នៅក្នុងធនាគារហ្វីលីព។ ហេតុផលដែលខ្ញុំសម្រេចចិត្តចូលរួមក្នុងកម្មវិធីមួយនេះព្រោះខ្ញុំមានភាពស្រពិចស្រពិលចំពោះវិថីការងាររបស់ខ្ញុំនាពេលអនាគត។ ម្យ៉ាងវិញទៀតខ្ញុំមិនប្រាកដថាតើខ្ញុំមានសមត្ថភាពអាចស្វែងរកស្ថាប័នការងារ នាយកដ្ឋាន ឬមុខតំណែងណាមួយដែរមានស្ថេរភាពហើយសមស្របតាមសមត្ថភាព ជំនាញ ការចូលចិត្តនិងបុគ្គលិកលក្ខណៈរបស់ខ្លួនខ្ញុំផ្ទាល់នោះទេ។ នៅពេលមួយខ្ញុំបានស្គាល់ Management trainee program តាមរយៈវេបសាយរបស់ធនាគារហ្វីលីពផ្ទាល់ហើយខ្ញុំក៏បានយល់ដឹងពីកម្មវិធីមួយនេះបន្ថែមទៀតតាមរយ:ការចែករំលែកបទពិសោធន៍របស់ trainees ជំនាន់មុនៗផងដែរ។ ដូចនេះហើយទើបខ្ញុំសម្រេចចិត្តចូលក្នុងកម្មវិធីមួយនេះដោយខ្ញុំជឿជាក់ថាខ្ញុំអាចទទួលបានឪកាសប្រឡូកខ្លួនចូលសិក្សាក្នុងនាយកដ្ឋានផ្សេងៗជាច្រើនក្នុងវិស័យធនាគារ។ សម្រាប់កម្មវិធីនេះផ្ទាល់ ពួកយើងនឹងមានគ្រូបង្គោលម្នាក់ទៅតាមនាយកដ្ឋានខុសៗគ្នា។ ពួកគាត់នឹងជួយណែនាំអំពីការងារអំឡុងពេលយើងសិក្សាក្នុងនាយកដ្ឋានរបស់គាត់ផ្ទាល់។ តាមរយៈ Management trainee program យើងក៏ទទួលបានឪកាសជួបជាមួយភ្ញៀវថ្មីៗជាច្រើនដើម្បីអភិវឌ្ឍការទំនាក់ទំនងរបស់យើងជាមួយមនុស្សជុំវិញខ្លួននិងជួយអោយយើងចេះដោះស្រាយបញ្ហាដោយភាពក្លាហានផងដែរ។
តាមរយៈឱកាសដ៏ល្អពីធនាគារហ្វីលីពមួយនេះ ខ្ញុំជឿជាក់ថា ខ្ញុំនឹងចេះអភិវឌ្ឍខ្លួនប្រកបដោយវិជ្ជាជីវៈ និងកំណត់ឱ្យខ្ញុំឆ្ពោះទៅសម្រេចគោលដៅបានយ៉ាងលឿន។
នាងខ្ញុំឈ្មោះ មាស ច័ន្ទថ្លា
នាងខ្ញុំបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាប័ត្រក្នុងជំនាញ English for Business Communication នៃសកលវិទ្យល័យបញ្ញាសាស្ត្រកម្ពុជា។នាងខ្ញុំបានស្គាល់កម្មវិធី Management Trainee តាមរយះលោកគ្រូជនជាតិសឹង្ហបុរី។ ដូច្នេះ នាងខ្ញុំបានសម្រេចចិត្តដាក់ពាក្យចូលរួមក្នុងវគ្គសិក្សាសិក្ខាកាមគ្រប់គ្រងនេះ។
នាងខ្ញុំមានចំណាប់អារម្មណ៏យ៉ាងខ្លាំង ដោយសិក្ខាកាមគ្រប់គ្រង គឺជាវគ្គសិក្សាដែលគួរឲ្យកត់សម្គាល់តែមួយក្នុងវិស័យធនាគា ហើយក៏ជា ឱកាសដ៏វិសេសដែលអនុញ្ញាតឲ្យយុវជនវ័យក្មេងដែលមានទេព្យកុសលបានចូលរួម។ MT មានរយះពេល១២ខែដែលជារយះដ៏សមស្របមួយក្នុងការពង្រឹងសមត្ថភាពយុវជនវ័យក្មេងឲ្យមានពហុជំនាញ នឹង ភាពប៉ិនប្រសព្វចំពោះការងារ។ សិក្ខាកាមសិក្សានេះ តម្រូវឲ្យយុវជនចុះកម្មសិក្សាជាមួយនាយកដ្ធានចម្រុះដែលពាក់ព័ន្ធក្នុងស្ថាប័ននៃធនាគាហ្វីលិព។ កម្មសិក្សានេះ ជម្រុញយុវជនក្នុងការទទួលបាននូវចំណេះដឹង ព្រមទាំង បទពិសោធន៏ការងារផ្នែកធនាគារបានយ៉ាងល្អ។ បន្ថែមពីនេះកម្មវិធី MT ជាផ្នែកមួយដែលផ្តល់ឲ្យយុវជនមានឱកាសបានប្រាស្រ័យទំនាក់ទំនងជាមួយសហសេវិកឆ្នើម នឹង ទទួលបានការបង្ហាត់បង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូដែលមានជំនាញព្រមទាំងមានបទពិសោធន៏យូរឆ្នាំ។ ហេតុដូច្នោះហើយនាងខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងមុតម៉ាំក្នុងការចូលរួមក្នុងកម្មវិធីសិក្ខាកាមនៃស្ថាប័នធនាគា ហ្វីលិព។
ដោយហេតុទាំងនេះ នាងខ្ញុំមានការរំពឹងទុកថា កំឡុងពេលសិក្ខាកាមនេះ នឹងអាចបង្ហាញពីទេព្យកុសលដែលនាងខ្ញុំមាន ព្រមទាំងជំរុញនាងខ្ញុំទៅកាន់ជំហានបន្ទាប់នៃបរិបទការងារ នឹង ចង្អុលបង្ហាញពីវិថីក្នុងការឈោងចាប់អាជីពនាពេលអនាគតរបស់នាងខ្ញុំក្នុងស្ថាប័នធនាគា ហ្វីលិព។
Calculator
Result:
Annual Interest Rate | Total Net Earned Interest | Total Deposit Amount | Total Amount at Maturity Date |
---|---|---|---|
4.75% | 286.25 | 11,757.79 | 12,044.04 |
Payment schedule:
No. | Earned Interest | Tax | Net Earned Interest | Monthly Deposit |
---|---|---|---|---|
1 | 4.75% | 4.75% | 4.75% | 4.75% |